
តួកគី៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្តេជ្ញាថា នឹងធ្វើឱ្យយោធារបស់ទីក្រុងអង់ការ៉ាក្លាយជាយោធា "លេខមួយ" នៅលើពិភពលោក ដោយអះអាងថា នឹងធ្វើឱ្យមានសមិទ្ធិផលនិងភាពជឿនលឿនសំខាន់ៗ ក្នុងការហ្វឹកហ្វឺនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ថ្លែងនៅក្នុងពិធីបញ្ចប់ការសិក្សានៅថ្ងៃទី១ កក្កដា នៅឯសាកលវិទ្យាល័យការពារជាតិរបស់ប្រទេសតួកគីក្នុងទីក្រុងអ៊ីស្តង់ប៊ុលលោក Erdogan បាននិយាយថា «យើងនឹងចាត់វិធានការបន្ថែមទៀត រហូតដល់យើងធ្វើឱ្យកងកម្លាំងប្រដាប់អាវុធតួកគី ជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោក ជាមួយនឹងធាតុផ្សំទាំងអស់ដូចជា ការហ្វឹកហ្វឺន ឧបករណ៍ បច្ចេកវិទ្យា និងបទពិសោធន៍»។
ទោះបីជាលោកបានទទួលស្គាល់ពី«ភាពខ្វះខាត និងទិដ្ឋភាពដែលត្រូវការការកែលម្អ» នៅក្នុងប្រព័ន្ធហ្វឹកហ្វឺនយោធារបស់ទីក្រុងអង់ការ៉ាក៏ដោយ លោក Erdogan បាននិយាយថា ការបើកសាកលវិទ្យាល័យការពារជាតិក្នុងឆ្នាំ ២០១៧ គឺជាចំណុចរបត់ដ៏សំខាន់មួយ ដែលផ្លាស់ប្តូរទាំងស្រុងក្នុងការអប់រំ និងការបង្កើតយកកងទ័ពថ្មី។
លោកបន្តថា ប្រមូលផ្តុំស្ថាប័នអប់រំ និងបណ្តុះបណ្តាលយោធារបស់យើងទាំងអស់នៅក្រោមដំបូលតែមួយ។ នៅក្នុងរចនាសម្ព័ន្ធរួមគ្នានេះ យើងបានបង្កើតប្រព័ន្ធអប់រំទំនើបមួយដែលឆ្លុះបញ្ចាំងទាំងគំរូនៅក្នុងពិភពលោក និងតម្រូវការនាពេលបច្ចុប្បន្ននេះ»៕