
អ៊ីតាលី៖ ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីតាលី បានប្រកាសកាលពីថ្ងៃទី៣០ ខែមិថុនាថា ទីក្រុងចំនួន ២២ រួមមានទីក្រុងរ៉ូម ប្ល័រិន ប៉ាឡឺម៉ូ វេនីស និងប៉េរូហ្គី និងទីក្រុងនៅភាគខាងត្បូង ភាគកណ្តាល និងភាគខាងជើងនៃប្រទេសអ៊ីតាលី បានចេញការព្រមានអំពីសីតុណ្ហភាពខ្ពស់បំផុត។
នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ទីក្រុងរ៉ូម និងភាគច្រើននៃភាគខាងត្បូងប្រទេសអ៊ីតាលីនឹងមានសីតុណ្ហភាពអតិបរមាក្រោម ៤០ អង្សាសេនៅចុងសប្តាហ៍នេះ។ អ្នកជំនាញបានក្រើនរំលឹកសាធារណជនឱ្យជៀសវាងការប៉ះនឹងពន្លឺព្រះអាទិត្យចាប់ពីម៉ោង ១១:០០ ដល់ម៉ោង ១៨:០០ ត្រូវនៅឱ្យឆ្ងាយពីកន្លែងមានមនុស្សច្រើន បរិភោគអាហារ និងផឹកទឹកឱ្យបានច្រើន។
ខណៈពេលដែលប្រទេសអ៊ីតាលីទាំងមូលត្រូវបានវាយប្រហារដោយអាកាសធាតុក្តៅ ធ្វើឲ្យទន្លេ Po ដែលហូរកាត់ភាគខាងជើងនៃប្រទេសនេះ ក៏ស្ថិតក្នុងវិបត្តិកង្វះទឹកផងដែរ ដោយកម្រិតទឹកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៧០ ឆ្នាំ។ ពិសេសការខាតបង់កសិកម្មនៅតំបន់ភាគខាងជើង ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១ ពាន់លានអឺរ៉ូ ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។
លើសពីនេះ ការធ្លាក់ចុះកម្រិតទឹកបាននាំឱ្យមានការហូរត្រឡប់នៃទន្លេ Po នៅមាត់សមុទ្រ Adriatic ដែលលាតសន្ធឹងក្នុងដីប្រហែល ៣០ គីឡូម៉ែត្រនៅក្នុងប្រលាយ។
យោងតាមទីភ្នាក់ងារអ៊ីតាលី Ansa បានឱ្យដឹងថា រដ្ឋាភិបាលកណ្តាលរបស់ប្រទេសអ៊ីតាលីបានប្រកាសវិធានការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតជាច្រើននៅថ្ងៃទី ៣០ ខែមិថុនា រួមទាំងការអនុម័តផែនការជំនួយសង្គ្រោះបន្ទាន់ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតចាប់តាំងពីថ្ងៃទី ៤ខែកក្កដា៕