
អ៊ុយក្រែន៖ មន្ត្រីក្នុងតំបន់មួយរូបនៅក្នុងតំបន់ Zaporozhye របស់ប្រទេសអ៊ុយក្រែន បានបញ្ជាក់នៅថ្ងៃទី៣០ ខែមិថុនាថា កប៉ាល់ដឹកគ្រាប់ធញ្ញជាតិដំបូង បានចាកចេញពីកំពង់ផែ Berdyansk នៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។
លោក Yevgeny Balitsky ដែលជាមន្ត្រីទីក្រុង berdyensk បានសរសេរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមតេឡេក្រាមថា បន្ទាប់ពីការផ្អាកដំណើរការជាច្រើនខែ កប៉ាល់ដឹកទំនិញដំបូងបានចាកចេញពីកំពង់ផែពាណិជ្ជកម្មនៃទីក្រុង Berdyansk ហើយគ្រាប់ធញ្ញជាតិចំនួន ៧,០០០ តោនត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសសម្ព័ន្ធមិត្ត។
លោក Balitsky បាននិយាយថា កំពង់ផែ Berdyansk បច្ចុប្បន្នគឺមានសុវត្ថិភាពទាំងស្រុង ហើយកំពង់ផែបានត្រៀមរួចរាល់សម្រាប់ដឹកជញ្ជូនទំនិញ។
អ៊ុយក្រែនត្រូវបានគេស្គាល់ថាជា "ជង្រុករបស់អឺរ៉ុប" និងជាអ្នកនាំចេញដ៏សំខាន់នៃពោតនិងស្រូវសាលី។ បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈ បណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៊ីថា បានជ្រៀតជ្រែកក្នុងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន និងធ្វើឱ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរឡើង។ ភាគីរុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតនូវការអះអាងនេះ ដោយសង្កត់ធ្ងន់ថាប្រទេសលោកខាងលិចកំពុងព្យាយាមគេចពីការទទួលខុសត្រូវ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីដើមខែមិថុនាថា តាមពិតមានវិធីជាច្រើនក្នុងការដឹកគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា អ៊ុយក្រែនបានដាក់មីននៅក្នុងកំពង់ផែ និងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនៃនាវាចរណ៍។ ហើយប្រសិនបើអ៊ុយក្រែនចង់ដឹងជញ្ជូនគ្រាប់ធញ្ញជាតិ អ៊ុយក្រែនត្រូវធ្វើការដោះមីនដោយខ្លួនឯង។
លោកពូទីនជឿជាក់ថា ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ពិភពលោកតាមរយៈបេឡារុស្សគឺជាមធ្យោបាយល្អនិងងាយស្រួលបំផុត។ ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនអាចធ្វើទៅបាន លុះត្រាតែបណ្តាប្រទេសលោកខាងលិចដកទណ្ឌកម្មប្រឆាំងនឹងបេឡារុស្ស៕