
អាម៉េរិក៖ កងទ័ពសហរដ្ឋអាមេរិកបានអនុម័តការរចនាថ្មីសម្រាប់រថក្រោះធុនស្រាល ហើយបានចុះកិច្ចសន្យារហូតដល់ ៩៦ គ្រឿង ដែលផលិតដោយ General Dynamics Land Systems (GDLS) ដែលនេះជាលើកដំបូងដែលមន្ទីរបញ្ចកោណទទួលបានយានជំនិះបែបនេះចាប់តាំងពីសង្គ្រាមត្រជាក់មក។ ហើយ ទឹកប្រាក់ចំនួន ១.១៤ ពាន់លានដុល្លាររបស់អ្នកជាប់ពន្ធនឹងត្រូវចំណាយលើអាវុធធុនស្រាលនេះ។
កងទ័ពបានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតអាវុធការពារជាតិ ដែលមានមូលដ្ឋាននៅរដ្ឋ Michigan បានទទួលកិច្ចសន្យាចំនួន ១.១៤ ពាន់លានដុល្លារ ដើម្បីផលិតអាវុធធុនស្រាល។ ប៉ុន្មានថ្ងៃមុននេះ រថក្រោះ GDLS Griffin II ត្រូវបានប្រកាសថា ជាអ្នកឈ្នះកម្មវិធី Mobile Protected Firepower (MPF) ដែលជាការប៉ុនប៉ងបង្កើតយានជំនិះថ្មី ដែលយោធាអាម៉េរិកបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៥។
ឧត្តមសេនីយ Ross Coffman នាយកនៃក្រុមរថក្រោះបាននិយាយថា MPF តំណាងឱ្យសមត្ថភាពថ្មីសម្រាប់កងទ័ព ដែលអនុញ្ញាតឱ្យកងកម្លាំងសមយុទ្ធអាចយកឈ្នះសត្រូវ។
ការរចនា GDLS Griffin II គឺជាការរចនាមួយក្នុងចំណោមពីរដែលត្រូវបានជ្រើសរើសនៅក្នុងខែធ្នូ ឆ្នាំ ២០១៨។ គូប្រជែងរបស់ក្រុមហ៊ុនយក្ស BAE Systems ដែលផលិតអាវុធការពារជាតិអង់គ្លេស ត្រូវបានគេរាយការណ៍ថា ត្រូវបានដកហូតសិទ្ធិបន្ទាប់ពីខកខានមិនបានធ្វើតាមកាលវិភាគក្នុងការចែកចាយគំរូសម្រាប់ការធ្វើតេស្ត។ដោយមានតែគំរូ Griffin II សរុបចំនួន ២៤ បានចូលរួមក្នុងការសាកល្បងនេះ។
MPF ត្រូវបានយោធាអាម៉េរិកពណ៌នាថា ជាអ្នកស្នងតំណែងអាវុធនៅសម័យសង្គ្រាមវៀតណាម M551 Sheridan ជាយានជំនិះដែលបានចូលនិវត្តន៍ក្នុងឆ្នាំ ១៩៩៧ នេះបើយោងតាមគេហទំព័រព័ត៌មានរថយន្ត The Drive។
ផលិតផល GDLS ថ្មីនេះត្រូវបានបំពាក់ដោយកាំភ្លើង ១០៥ មីលីម៉ែត្រ XM35 ដែលត្រូវបានរចនាឡើងដំបូងសម្រាប់កម្មវិធីឆ្នាំ ១៩៩០។ រថក្រោះធុនស្រាលថ្មីនេះ គ្រោងនឹងទទួលឈ្មោះផ្លូវការរបស់ខ្លួនក្នុងអំឡុងពេលសន្និបាតប្រចាំឆ្នាំដ៏សំខាន់នៃសមាគមកងទ័ពសហរដ្ឋអាមេរិកនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ៕