
ជប៉ុន៖ សីតុណ្ហភាពខ្ពស់នៅទីក្រុងតូក្យូ និងតំបន់ជុំវិញរដ្ឋធានីនៃប្រទេសជប៉ុន បានបន្តរយៈពេលជាច្រើនថ្ងៃ ដែលធ្វើឲ្យមានបញ្ហាកង្វះអគ្គិសនី។ កត្តានេះបានជំរុញឲ្យរដ្ឋាភិបាលជប៉ុន អំពាវនាវជាថ្មីម្តងទៀតឲ្យសាធារណជនសន្សំសំចៃអគ្គិសនី។
សីតុណ្ហភាពក្នុង និងជុំវិញទីក្រុងតូក្យូ បានឡើងដល់ប្រហែល ៤០ អង្សាសេក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា ដែលជារលកកំដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងខែមិថុនាចាប់តាំងពីឆ្នាំ ១៨៧៥។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន សីតុណ្ហភាពក្នុងតំបន់មិនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ ៣០ អង្សាសេទេរហូតដល់ថ្ងៃទី ៥ ខែកក្កដា។
ទិន្នន័យតាមដានបង្ហាញថា ពីម៉ោង ៤៖៣០ ដល់ ៥៖០០ ល្ងាច នៅថ្ងៃទី ២៩ អត្រាបម្រុងថាមពលនៅក្នុងតំបន់តូក្យូបានធ្លាក់ចុះមកត្រឹម ២.៦% ទាបជាងកម្រិត ៣% ដែលត្រូវការដើម្បីធានាស្ថេរភាពនៃការផ្គត់ផ្គង់ថាមពល។
មន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មបានប្រាប់អ្នកសារព័ត៌មានថា «តម្រូវការអគ្គិសនី និងការផ្គត់ផ្គង់ថាមពលក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះមានភាពតានតឹងបំផុត»។ ហើយដើម្បីទប់ទល់នឹងការខ្វះខាតអគ្គិសនី សហគ្រាសមួយចំនួនបានអនុវត្តវិធានការសន្សំសំចៃថាមពល។
ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Yorozu បានប្រកាសថា រោងចក្ររបស់ខ្លួននឹងបិទទ្វារយ៉ាងហោចណាស់ពីរថ្ងៃក្នុងមួយខែចាប់ពីខែកក្កដាដល់ខែកញ្ញា។ ខណៈទីក្រុងតូក្យូ និងតំបន់ជុំវិញនឹងចាត់វិធានការបន្ថែមទៀត ដើម្បីសន្សំសំចៃអគ្គិសនី ដូចជាផ្ទាំងប៉ាណូស្រអាប់ និងបិទឧបករណ៍ខ្យល់ប្រចាំថ្ងៃ។
នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២៩ ថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាការផ្គត់ផ្គង់ថាមពល និងប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីបង្កើតអគ្គិសនីឱ្យបានច្រើនតាមតែអាចធ្វើទៅបានក្រោមលក្ខខណ្ឌសុវត្ថិភាព៕