
ថៃ៖ នាយកដ្ឋានឧតុនិយមថៃ បានព្រមាននៅថ្ងៃទី ២៩ ខែមិថុនាថា ព្យុះត្រូពិចនឹងវាយលុកខេត្តចំនួន ៣៨ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ ថ្ងៃសៅរ៍។
នាយកដ្ឋាននេះបាននិយាយថា សម្ពាធទាបសកម្មមួយបានបក់នៅភាគខាងជើងសមុទ្រចិនខាងត្បូងនិងបន្តបក់កាន់តែខ្លាំងទៅជាសម្ពាធត្រូពិច ជាមួយនឹងល្បឿនខ្យល់អតិបរមាប្រហែល ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ ខ្យល់មូសុងនិរតីនឹងបក់បោកលើសមុទ្រ Andaman និង ផ្នែកផ្សេងទៀតនៃប្រទេស ក៏ដូចជាឈូងសមុទ្រថៃ ខណៈដែលមានខ្យល់មូសុងបក់កាត់ភាគខាងជើង។
ក្រសួងបន្តថា នឹងមានភ្លៀងធ្លាក់ច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដោយមានភ្លៀងធ្លាក់ពីតិចទៅច្រើន នៅតំបន់មួយចំនួននៃភាគខាងជើង ភាគឦសាន តំបន់កណ្តាល ភាគបូព៌ា និងភាគខាងត្បូង (ឆ្នេរខាងលិច)ប្រទេសថៃ។
ក្រសួងឧតុនិយម បានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះស្ថានភាពធ្ងន់ធ្ងរ ដែលអាចបង្កឱ្យមានទឹកនន់ និង ជំនន់ទឹកភ្លៀងភ្លាមៗ។ ជាមួយគ្នានេះ ក្រសួងក៏បានណែនាំដល់ការដឹកជញ្ជូនគ្រប់ទម្រង់ ឱ្យបន្តការប្រុងប្រយ័ត្នបន្ថែម និងជៀសវាងតំបន់ឆ្លងកាត់ដែលមានភ្លៀងធ្លាក់ ខណៈប្រជាកសិករត្រូវមានវិធានការការពារដំណាំរបស់ខ្លួន៕