Yearendyearend1140x150

តម្លៃ«ជីកសិកម្ម»ហក់ឡើងថ្លៃខ្ពស់ បង្កជាផលលំបាកដល់កសិករ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តម្លៃជីកសិកម្មបានហក់ឡើងថ្លៃខ្ពស់ ជាហេតុបណ្តាលឲ្យប៉ះពាល់ខ្លាំងដល់ជីវភាពរបស់កសិករខ្មែរ។ ការឡើងថ្លៃនេះ គឺបណ្តាលមកពីឥទ្ធិពលនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលរុស្ស៊ីជាប្រទេសផលិតជីកសិកម្មច្រើនជាងគេ។ ទន្ទឹមនេះ កសិករត្រូវចំណាយដើមទុនជាច្រើន ដើម្បីទិញនូវសម្ភារ ថ្នាំ ជីកសិកម្ម គួបផ្សំនឹងការចំណាយបន្ថែមលើប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃដូចគ្នា ខណៈការលក់ចេញនូវផលិតផលកសិកម្មបច្ចុប្បន្នមានតម្លៃថោក មិនរួចនឹងថ្លៃពលកម្ម ក៏ដូចជាការចំណាយដើមទុន ជាដើម។ នេះបើតាមការឲ្យដឹងពីលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសមាគមន៍កសិករកម្ពុជា។

លោក ថេង សាវឿន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅក្នុងដំណាក់កាលនៃវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឃើញថាតម្លៃ និងសម្ភារជីគីមីកសិកម្ម គឺមានការឡើងថ្លៃខ្លាំងក្លា ដែលជាហេតុធ្វើឲ្យកសិករត្រូវចំណាយធនធានថវិកាបន្ថែមទៀត គួបផ្សំនឹងការចំណាយបន្ថែមលើប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃដូចគ្នា ខណៈការលក់ចេញនូវផលិតផលកសិកម្មបច្ចុប្បន្នមានតម្លៃថោក។ ដូច្នេះជាហេតុដែលធ្វើឲ្យកសិករខ្មែររងនូវផលប៉ះពាល់ខ្លាំងទៅលើជីវភាព ជាពិសេសដើមទុននៃការចំណាយតែម្តង ដែលពួកគាត់ប្រឈមនឹងការខ្វះខាត ហើយរងការខ្ចីបុលពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ។

ក្នុងនាមលោក ថេង សាវឿន ជាប្រធានសមាគមសម្ព័ន្ធសមាគមន៍កសិករកម្ពុជា បានស្នើសុំជាអនុសាសន៍ទៅកាន់រដ្ឋាភិបាល ឲ្យធ្វើការអន្តរគមន៍បន្ទាន់ទៅលើការគ្រប់គ្រង និងការចាត់វិធានការចំពោះការឡើងថ្លៃនូវទំនិញសម្ភារ ជី ថ្នាំកសិកម្មនេះ។ លោកបន្តថា រដ្ឋាភិបាលអាចដោះស្រាយបានតាមរយៈការបន្ធូរបន្ថយអត្រាពន្ធនៃការនាំចូល រួមជាមួយនឹងបន្ថែមថវិកាជាតិក្នុងការជួយដល់ប្រជាកសិករ ឬក៏ធ្វើយ៉ាងម៉េចពិនិត្យលើលទ្ធភាពផលិតនូវវត្ថុធាតុដើមដូចជា ជីគីមី និងសម្ភារនៅក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយខ្ពស់ទៅលើអ្វីដែលជាតម្រូវការខ្ពស់របស់កសិករ។

លោក ថេង សាវឿន បានបញ្ជាក់ថា បន្ថែមនេះរដ្ឋាភិបាលគួរជំរុញឲ្យមានការផលិតខ្សែចង្វាក់ផលិតកម្ម ទាំងការវេចខ្ចប់ និងការកែច្នៃ អាចនាំចេញទៅទីផ្សារអន្តរជាតិ ឬពិភពលោក ឲ្យបានតម្លៃខ្ពស់សមរម្យ ទើបអាចទប់ទល់នឹងបញ្ហានេះបាន។ បើមិនដូច្នេះទេ អត្រានៃការជំពាក់បំណុល និងការធ្លាក់ខ្លួនក្រីក្រកាន់តែខ្លាំងឡើង សម្រាប់ប្រជាកសិករខ្មែរ ជាពិសេសកសិករខ្នាតតូចដែលខ្វះខាតលទ្ធភាព។

សូមជម្រាបថា តម្លៃជីកសិកម្មកសិកម្មឡើងថ្លៃខ្ពស់ក្នុងឆ្នាំ២០២២ ដោយតម្លៃជីក្នុងមួយតោនឡើងដល់ចន្លោះពី ៥១០-៧៨៣ដុល្លារ។ មូលហេតុដែលតម្លៃជីកសិកម្មឡើងថ្លៃ ព្រោះតម្លៃដឹកជញ្ជូនផ្គត់ផ្គង់ចែកចាយក្នុងស្រុក(កម្ពុជា)ឆ្នាំ២០២០-២០២២ កើនឡើងតម្លៃ១តោនពី ១០$-១១$ ហើយមូលហេតុចម្បងមួយទៀតគឺមកពីវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដោយហេតុថារុស្ស៊ីជាប្រទេសដែលផលិតជីកសិកម្មច្រើនជាងគេ។ នេះបើតាមការពន្យល់របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មកម្ពុជា។

ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា យោងតាមតារាងតម្លៃជីគីមីកសិកម្មតាមឆ្នាំនីមួយៗ ដែលរៀបចំដោយនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម តម្លៃជីកសិកម្មបានហក់ឡើងខ្ពស់ ដោយ ជីDAP តម្លៃ ៧៨៣ដុល្លារ/តោន, ជី Urea ៥៨៣ដុល្លារ/តោន, ជី NPK ៥៦០ដុល្លារ/តោន, ជី Kali ៧៤៧ដុល្លារ/តោន។ ឯកឧត្តមបានពន្យល់ថា ការឡើងថ្លៃនេះគឺដោយសារកត្តាប្រេងឥន្ធនៈឡើងថ្លៃធ្វើឲ្យតម្លៃដឹកជញ្ជូនក៏ឡើងថ្លៃ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក៏ជាកត្តាប៉ះពាល់ដល់ទីផ្សារនាំចេញជីកសិកម្មពីរុស្ស៊ី។

បើតាមព្រឹត្តិបត្រស្ថិតិរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ បានបង្ហាញថា ទំនិញប្រើប្រាស់លើទីផ្សារអន្តរជាតិ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ជីDAP ៨៣២.៨ដុល្លារ/តោន, ជី Urea តម្លៃ ៧៩៤.៨៨ដុល្លារ/តោន, ជី Potassium chloride ៣៩១.៧៥ដុល្លារ/តោន ខណៈប្រេងឥន្ធនៈ បានកើនឡើងតម្លៃដល់ ៩៦.៦ដុល្លារ/បារ៉េល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង