Cc times  web banner kh

គម្រោង«វិនិយោគ»១៧ទៀតត្រៀមចុះបញ្ជីនៅកម្ពុជាក្នុងទុន១៥០លានដុល្លារបង្កើតការងារជិត១ម៉ឺនកន្លែង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យ៉ាងហោចណាស់មានគម្រោងវិនិយោគថ្មីចំនួន ១៧ គម្រោង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកកិច្ចប្រជុំពិនិត្យ ដើម្បីដំណើរការគម្រោងនៅក្នុងប្រទេសកម្ពុជា។ជាគម្រោងដំបូងសម្រាប់ឆ្នាំ២០២៥ មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារអាម៉េរិក, អាចបង្កើតការងារបានចំនួនប្រមាណ ៩ពាន់កន្លែង។

កិច្ចប្រជុំពិនិត្យគម្រោងវិនិយោគទាំង១៧ គឺដឹកនាំដោយផ្ទាល់ពីលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។ 

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង១៧នេះ មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារអាម៉េរិក, អាចបង្កើតការងារបានចំនួនប្រមាណ ៩ពាន់កន្លែង និង មានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ) និង ក្នុងវិស័យឧស្សាហកម្មចំនួន ១៦គម្រោង (បង្កើតរោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើងនិងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាននិងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់, ផលិតសម្ភារៈសម្រាប់បោះជំរុំ, ខារអំបោះ, បោកគក់និងជ្រលក់ពណ៌) ។

របាយការណ៍ដដែល គម្រោងទាំងអស់នេះ គឺកំពុងត្រៀមរៀបចំបោះទីតាំងវិនិយោគនៅ រាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និង ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៤កន្លងទៅ ប្រទេសកម្ពុជាទទួលបានគម្រោង​វិនិយោគ​ ​៤១៤ កើន​ឡើង​ជាង ​៥០% បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ បើ​គិត​ជា​ទុន​វិនិយោគ​សរុប​ក្នុង​ឆ្នាំ​២០២៤ មាន​ប្រមាណ​៦,៩ពាន់​លាន​ដុល្លារ​ ដែល​ក្រុម​ប្រឹក្សា​ CDC ​ថា​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ជិ​ត ៣២​ ម៉ឺន​កន្លែង។

នៅ​ក្នុង​ឆ្នាំ២០២៤​ ការ​វិនិយោគ​មក​ពី​ចិន​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី១ ​ស្មើ​ប្រមាណ ៥០%​ នៃ​ផល​ទុន​សរុប អ្នក​វិនិ​យោគ​ក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​២ ស្មើ​នឹង​៣៤% វៀត​ណាម​ស្ថិត​នៅ​លំដាប់​លេខរៀង​ទី​៣ ​ស្មើ​នឹង ​៨%។ ប្រទេស​សិង្ហបុរី ឈរ​លេខ​រៀង​ទី៤ ​ស្មើ​នឹង​៣,៨%។

វិស័យ​ឧស្សាហកម្ម​នៅ​តែ​បន្ត​ជា​វិស័យ​លេច​ធ្លោ​ជាង​គេ ដោយ​បាន​ស្រូប​ទាញ​គម្រោង​វិនិយោគ​ចំនួន​ ៣៩៤ ស្មើ​នឹង​ប្រមាណ​ ៩៥%​ នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប​ ខណៈ​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ​មាន​ប្រមាណ​ ៤,៨​ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​រួម​ចំណែក​ ៦៩% ​នៃ​ទុន​វិនិយោគ​សរុប​ និង​មាន​កំណើន​ដល់​ទៅ​ប្រមាណ​ ១១០% ធៀប​នឹង​ឆ្នាំ​២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង