Cc times  web banner kh

ធនាគារARDBបានចាក់ទុនចូលក្នុងវិស័យស្រូវអង្ករជាង២០៨លានដុល្លារគិតមកដល់បច្ចុប្បន្ននេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អគ្គនាយកធនាគារARDB បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ធនាគារARDB ក៏ បានចាក់ទុនចូលក្នុងវិស័យស្រូវអង្ករបានជាង២០៨លានដុល្លារហើយក្នុងនោះភាគច្រើនលើសលប់ជាទុនបង្វិល ភាគតិចជាទុនវិនិយោគសម្រាប់ការកសាងឃ្លាំងនិងឡសម្ងួត។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងនាឱកាសដែលលោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង នារសៀលថ្ងៃទី១៥ខែមករា ឆ្នាំ២០២៥នេះ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានរំលឹកអំពីបញ្ហាស្រូវអង្ករកម្ពុជាមុន និងក្រោយឆ្នាំ២០១០ ជាពិសេស នៅពេលដែលសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីបានដាក់ឱ្យប្រើប្រាស់នូវឯកសារគោលនយោបាយស្ដីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ។ លោកបណ្ឌិតបានជម្រាបជូនថាកាលមុនឆ្នាំ២០១០ កម្ពុជាក៏ធ្លាប់ជាប្រទេសទទួលជំនួយអង្ករពីបរទេសនឹង បានប្រែក្លាយជាប្រទេសនាំចេញអង្ករទៅលក់ក្រៅប្រទេសជាទ្រង់ទ្រាយតូច។

លោកបណ្ឌិតបានរំលឹក ក្នុងសន្និសីទនោះថា ក្រោយពីមានការដាក់ចេញឯកសារគោលនយោបាយជំរុញការនាំចេញអង្ករ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើន និងបាននាំចេញអង្ករកើនឡើងជាបន្តបន្ទាប់ ជាពិសេសផលិតកម្មស្រូវតែម្តងបានកើនឡើងតាមទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ ក្នុងនាមជាធនាគារគោលនយោបាយរបស់រដ្ឋាភិបាល ធនាគារ ARDB ក៏ទទួលបានការគាំទ្រ ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ជាមូលនិធិពិសេសដើម្បីទ្រទ្រង់និងអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសផ្តោតលើដំណាំស្រូវនិង ការនាំចេញអង្ករតែម្តង។

លោកបណ្ឌិតបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ធនាគារARDB ក៏ បានចាក់ទុនចូលក្នុងវិស័យស្រូវអង្ករបានជាង២០៨លានដុល្លារហើយក្នុងនោះភាគច្រើនលើសលប់ជាទុនបង្វិល ភាគតិចជាទុនវិនិយោគសម្រាប់ការកសាងឃ្លាំងនិងឡសម្ងួត។ ក្រៅពីនោះមានទុនបង្វិលសម្រាប់ទិញស្រូវដើម្បីរក្សា ស្ថិរភាពតម្លៃស្រូវផង និងជំរុញការនាំចេញផង។ ក្រោយពីមានការធ្លាក់ចុះតម្លៃស្រូវដោយមិនសមហេតុផលកាលពីឆ្នាំ២០១៦ នោះ រាជរដ្ឋាភិបាលក៏បានទម្លាក់ទុនយ៉ាងច្រើននិងជាបន្តបន្ទាប់ក្នុងវិស័យស្រូវអង្ករតែម្តង។ ការដាក់ចេញនូវគោលនយោបាយនិងទម្លាក់ទុនជាបន្តបន្ទាប់នោះគឺ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងគិតគូរពីជីវភាពប្រជាកសិករក៏ដូចជាលើកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករ ជាពិសេសក្នុងពេលវិបត្តិកូវីដ១៩ តែម្តង រាជរដ្ឋាភិបាលបានបញ្ចេញទុនជាច្រើន ដើម្បីរក្សាលំនឹងជីវភាពកសិករ ក៏ដូចជា មិនមែនតែផ្នែកស្រូវអង្ករទេ មានទាំងការដាំដុះផ្លែឈើ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ដែលទុនទាំងនោះបានលើកកម្ពស់វិស័យកសិកម្មទាំងមូល។

សរុបជារួមមកអ្វីៗដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមកចាប់តាំងពីដំណាក់កាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនិងក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបន្តផ្តោតគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងគោលនយោបាយរក្សាស្ថិរភាពតម្លៃកសិផល ព្រមទាំងរក្សា ស្ថិរភាពតម្លៃស្រូវ និងរក្សាលំនឹងជីវភាពរបស់កសិករក្នុងគ្រាមានវិបត្តិ និងកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរិមា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង