
រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលហ្វឹកហ្វឺនចំនួនបីរបស់កងទ័ពអ៊ុយក្រែន ជាមួយនឹងអាវុធដែលមានភាពជាក់លាក់ខ្ពស់ ដែលធ្វើឲ្យស្ថានភាពសង្រ្គាមកាន់តែតានតឹង។
បើតាមលោក Konashenkov កងទ័ពរុស្ស៊ីបានបើកការវាយប្រហារលើមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាចំនួនបីដែលមានទីតាំងនៅ Chernihiv, Zhitomir និង Lviv នៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន ដែលបានបំផ្លាញសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងបម្រុងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ដែលកំពុងត្រូវបានបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលទាំងបីនេះ។
កងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី បន្តបើកការវាយប្រហារនៅទីតាំងយោធាក្នុងប្រទេសអ៊ុយក្រែន ដោយប្រើអាវុធដែលមានភាពជាក់លាក់ខ្ពស់នៃកងកម្លាំងអវកាសរុស្ស៊ី និងមីស៊ីល ត្រូវបានបាញ់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពទី១៦៩ នៅជិត Desna ក្នុងតំបន់ Chernihiv, មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពវាយប្រហារតាមអាកាសទី១៩៩ នៅជិត Teterevka នៅតំបន់ Zhitomir ក៏ដូចជានៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនទី១៨៤ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅជិត Starichi នៃតំបន់ Lviv ។
លោក Konashenkov បាននិយាយថា កងកម្លាំងប្រដាប់អាវុធនៅទីក្រុង Luhansk បានកាន់កាប់ទីក្រុង Severodonetsk, Borovsk, Voronovo និង Sirodino ដែលរួមគ្នាគ្របដណ្តប់លើផ្ទៃដី ១៤៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបចំនួន ១០៨,០០០ នាក់។
យោងតាមលោក Konashenkov កងទ័ពអ៊ុយក្រែន បានព្យាយាមម្តងទៀត ដើម្បីវាយប្រហារកោះពស់ ដែលជាតំបន់យុទ្ធសាស្ត្រស្ថិតនៅក្នុងតំបន់សមុទ្រខ្មៅ ជាមួយនឹងកងកម្លាំងអាកាស និងគ្រាប់រ៉ុក្កែត តែការវាយប្រហារចុងក្រោយត្រូវបានបរាជ័យ ដោយទាហានរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន និងគ្រាប់រ៉ុក្កែតជាច្រើនជាមួយនឹងប្រព័ន្ធការពារដែនអាកាស។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ អ្នកគ្រប់គ្រងយោធានៅ Donetsk បាននិយាយថា យោធារុស្ស៊ីកំពុងប្រមូលផ្តុំកងកម្លាំងប្រដាប់អាវុធ រថពាសដែក និងអាវុធធុនធ្ងន់នៅក្នុងទិសដៅនៃទីក្រុង Slavyansk ដែលជាទីក្រុងសំខាន់មួយនៅភាគខាងជើង Donetsk និងព្យាយាមចូលទៅជិតទីតាំងដែលកាន់កាប់ដោយអ៊ុយក្រែន។
នៅថ្ងៃដដែលនោះសារព័ត៌មាន TASS បានរាយការណ៍ថា អ៊ុយក្រែនបានវាយប្រហារលើទីតាំងខួងយកប្រេងនៅ Crimean ជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ ដោយមិនមានការរាយការណ៍ពីមនុស្សស្លាប់នោះទេ។
អភិបាល គ្រីមៀ លោក Sergey Aksyonov បាននិយាយកាលពីថ្ងៃទី ២០ ខែមិថុនា នៅលើ តេឡេក្រាមថា មនុស្ស ៣ នាក់បានរងរបួស និង ៧ នាក់បានបាត់ខ្លួន បន្ទាប់ពីអ៊ុយក្រែនបានបាញ់ទៅលើវេទិកាខួងយកប្រេងចំនួន ៣ របស់ក្រុមហ៊ុនប្រេង និងឧស្ម័ន ដែលមានមូលដ្ឋាននៅ គ្រីមៀ ៕