
ចិន៖ ទឹកជំនន់ប៉ះពាល់ដល់ប្រជាជនចំនួន ៣.៧៥ លាននាក់នៅ Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ដែលរងការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្មីៗនេះថា មនុស្សជាង ៣.៧៥ លាននាក់ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ដែលបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចប្រមាណ ១២ ពាន់លានយ័ន (១.៧៩ ពាន់លានដុល្លារ) ។
ខេត្ត Guangxi បានជួបប្រទះនូវឧប្បត្តិហេតុនៃភ្លៀងធ្លាក់ខ្លាំងចំនួនប្រាំមួយ ក្នុងរដូវទឹកជំនន់ឆ្នាំនេះ ជាមួយនឹងទឹកភ្លៀងជាមធ្យមបានកត់ត្រាក្នុងកម្រិត ៤៩០.៨ មីល្លីម៉ែត្រ ពោលកើនឡើង ១.៦ ដង ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាក្នុងអំឡុងឆ្នាំមុន។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការងារគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះក្នុងតំបន់បានឱ្យដឹងថា ភ្លៀងធ្លាក់ និងគ្រោះមហន្តរាយដែលបណ្តាលមកពីភ្លៀងដូចជា ទឹកជំនន់បានបំផ្លាញផ្ទះចំនួន ៣,៤៣៦ និងខូចខាតដំណាំចំនួន ១៥៩,៣០០ ហិកតា។
ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់បានលើសពី ១២.៤៨ ពាន់លានយ័ន ឬប្រហែល ១.៨៦ ពាន់លានដុល្លារអាមេរិក។
យោងតាមមន្ត្រីម្នាក់មកពីទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងព្យុះទីហ្វុងត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារខេត្ត Guangxi នាពេលខាងមុខ ៕