Swift cc time

កម្លាំងរុស្ស៊ីបន្តវាយប្រហារលើគោលដៅយោធារបស់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កម្លាំងរុស្ស៊ីបន្តវាយប្រហារលើគោលដៅយោធារបស់អ៊ុយក្រែន ប្រភពរូប៖ ស៊ីស៊ីធីវី

រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃទី ២៤ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបន្តប្រតិបត្តិការយោធាពិសេសរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន។

លោក Konashenkov បាននិយាយថា កងកម្លាំងអាកាសយានិករុស្ស៊ី បានបើកការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់នៅមូលដ្ឋានទាហានស៊ីឈ្នួលបរទេសនៅតំបន់ Nikolaev និង តំបន់ Kharkov ។

ប្រព័ន្ធមីស៊ីលការពារឆ្នេរ Bastion បានបើកការវាយប្រហារនៅទីតាំងបាញ់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 នៅជិតអូដេសា។ មធ្យោបាយការពារដែនអាកាសរុស្ស៊ី បានបំផ្លាញយន្តហោះ Su-25 ចំនួនពីរគ្រឿងរបស់អ៊ុយក្រែននៅជិតតំបន់ Kharkov និង តំបន់ Nikolayev។

ក្រសួងបានប្រកាសថា យោធាអ៊ុយក្រែនបានចាញ់ ហើយកងទ័ពរុស្ស៊ីបានរារាំងទីក្រុង Lisichansk ពីភាគខាងត្បូង។ យោធារុស្ស៊ីបានឡោមព័ទ្ធជំរុំចំនួនបួននៅ Luhansk ដែលមានបុគ្គលិកប្រដាប់អាវុធអ៊ុយក្រែន ទាហានស៊ីឈ្នួលបរទេស កាំភ្លើងធំ និងគ្រាប់បែក។

អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksandr Motuzyanyk បាននិយាយថា កងទ័ពរុស្ស៊ី បានព្យាយាមគ្រប់គ្រងទាំងស្រុងលើទីក្រុង Severodonetsk និងកំពុងបើកការវាយប្រហារ ដើម្បីឡោមព័ទ្ធកងទ័ពអ៊ុយក្រែននៅជិតទីក្រុង Lisichansk ក៏ដូចជាការបិទផ្លូវដឹកជញ្ជូនសំខាន់ៗផងដែរ។

អ្នកនាំពាក្យរូបនេះបាននិយាយថា កងទ័ពរុស្ស៊ីកំពុងព្យាយាមបញ្ឈប់កងទ័ពអ៊ុយក្រែន ដែលកំពុងឆ្ពោះទៅកាន់ Donetsk ដែលជាផ្នែកខាងក្រោយនៃកងទ័ពរុស្ស៊ី ចំណែកកងទ័ពអ៊ុយក្រែនកំពុងស្ថិតនៅក្រោមការបាញ់ប្រហារនៅ Kharkov៕

Khcct banner

អត្ថបទទាក់ទង