Yearendyearend1140x150
Img 0571

ប្រទេសនៅអឺរ៉ុបបានប្ដូរទៅប្រើធ្យូងថ្មវិញដោយសាររុស្ស៊ីកំពុងកាត់បន្ថយថាមពល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសនៅអឺរ៉ុបបានប្ដូរទៅប្រើធ្យូងថ្មវិញដោយសាររុស្ស៊ីកំពុងកាត់បន្ថយថាមពល ប្រភពរូប៖ ស៊ីស៊ីធីវី

អឺរ៉ុប៖ ប្រទេសមួយចំនួននៅអឺរ៉ុប បានប្រកាសថា ពួកគេនឹងឆ្ពោះទៅរករោងចក្រដែលដើរថាមពលធ្យូងថ្មវិញ ដោយសារវិបត្តិឧស្ម័ នដែលបង្កឡើងដោយការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ ការប្រកាសនេះធ្វើឡើងក្រោយក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងកាត់បន្ថយការផ្គត់ផ្គង់ថាមពលតាមរយៈបំពង់ Nord Stream 1 ប្រហែល ៦០ ភាគរយសម្រាប់ហេតុផលបច្ចេកទេស។

ប្រទេសហូឡង់ អាល្លឺម៉ង់ អ៊ីតាលី និងអូទ្រីសបានចាត់វិធានការឆ្ពោះទៅរកការរស់ឡើងវិញនូវរោងចក្រថាមពលដើរដោយធ្យូងថ្ម ដើម្បីទប់ទល់នឹងវិបត្តិថាមពលដ៏តឹងរ៉ឹង ដែលបានបណ្តាលឱ្យមានការកើនឡើងនៃតម្លៃប្រេង និងអតិផរណា។

រដ្ឋាភិបាលប្រទេសហូឡង់កាលពីថ្ងៃទី២០ បានប្រកាសថា ប្រទេសនេះគ្រោងនឹងលើកកម្រិតផលិតកម្មលើរោងចក្រថាមពលធ្យូងថ្ម។ ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យរោងចក្រទាំងនេះ ដំណើរការពេញសមត្ថភាពរហូតដល់ឆ្នាំ ២០២៤ ដែលនឹងជួយសន្សំសំចៃឧស្ម័នធម្មជាតិបានយ៉ាងច្រើន។

មុនការប្រកាសនេះ ប្រទេសនេះបានជំរុញឱ្យរោងចក្រថាមពលធ្យូងថ្មបង្កើតថាមពលក្នុងកម្រិត ៣៥ ភាគរយនៃសមត្ថភាពអតិបរមារបស់ពួកគេ ដើម្បីកំណត់ការបំភាយកាបូនឌីអុកស៊ីត។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសអាល្លឺម៉ង់នឹងកាត់បន្ថយការប្រើប្រាស់ឧស្ម័នធម្មជាតិសម្រាប់ផលិតអគ្គិសនី ប៉ុន្តែត្រូវប្រើធ្យូងថ្មបន្ថែមទៀតជំនួសវិញ ដើម្បីជៀសវាងការប្រើប្រាស់ថាមពលដ៏តឹងតែងនៅក្នុងរដូវរងា។

រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែលនេះ ដោយនិយាយថា ប្រទេសនេះនឹងដាក់សមត្ថភាពធ្យូងថ្មឡើងវិញ នៅលើបណ្តាញអគ្គិសនីរបស់រដ្ឋ ដើម្បីកាត់បន្ថយសម្ពាធផ្គត់ផ្គង់ថាមពល។

ចំណែករដ្ឋមន្ត្រីអ៊ីតាលី លោក Roberto Cingolani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផងដែរថា ប្រទេសអ៊ីតាលីមានគម្រោងទិញធ្យូងថ្មសម្រាប់ការប្រើប្រាស់អតិបរមានៃរោងចក្រថាមពលដើរដោយធ្យូងថ្ម ប្រសិនបើចាំបាច់ដើម្បីសន្សំសំចៃថាមពល។

រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលីកាលពីទី២១ បានប្រកាសពីវិធានការដំបូង ដើម្បីបង្កើនការផ្ទុកឧស្ម័ន បន្ទាប់ពីក្រុមហ៊ុនថាមពលរបស់ខ្លួន Eni បានរាយការណ៍ពីការខ្វះខាតលំហូរនាំចូលពីប្រទេសរុស្ស៊ីអស់រយៈពេលជាងមួយសប្តាហ៍។

យោងតាមរបាយការណ៍ដែលសរសេរដោយអ្នកសេដ្ឋកិច្ចថាមពលនៅ Centro Europa Ricerche (CER) ប្រទេសអ៊ីតាលីបានប្រើប្រាស់ឧស្ម័នធម្មជាតិចំនួន ៧៦ ពាន់លានម៉ែត្រគូបក្នុងឆ្នាំ ២០២១ ដោយមានតែ ៣ ពាន់លានម៉ែត្រគូបប៉ុណ្ណោះ ដែលផលិតក្នុងស្រុក និង ៧៣ ពាន់លានម៉ែត្រគូបបាននាំចូល ដែលក្នុងនោះ ២៩ ពាន់លានបានមកពីប្រទេសរុស្ស៊ី។

ទន្ទឹមនឹងនេះប្រទេសអូទ្រីស គឺជាប្រទេសដែលបានសម្រេចចិត្តចូលរួមជាមួយប្រទេសអឺរ៉ុបផ្សេងទៀតក្នុងការផ្លាស់ប្ដូរមកប្រើប្រាស់អគ្គិសនីដើរដោយថាមពលធ្យូងថ្ម។ តែអូទ្រីសជាប្រទេសអឺរ៉ុបទីពីរដែលបញ្ឈប់ការផលិតថាមពលធ្យូងថ្មទាំងស្រុង។ ការសម្រេចចិត្តប្រើធ្យូងថ្មឡើងវិញនឹងធ្វើឱ្យអូទ្រីសត្រឡប់ទៅសម័យធ្យូងវិញ។

ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច បណ្តាប្រទេសនៅអឺរ៉ុបជាច្រើនបានកំណត់គោលដៅដើម្បីលុបបំបាត់ធ្យូងថ្មទាំងស្រុងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សហភាពអឺរ៉ុបបានសន្យាកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងហោចណាស់ ៥៥ ភាគរយនៅឆ្នាំ ២០៣០ ខណៈពេលដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបដូចជាអ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់បានសន្យាថា នឹងលុបបំបាត់ធ្យូងថ្មក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង