រុស្ស៊ី៖ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃទី២២ បានរាយការណ៍ពីការវាយប្រហារលើសម្ភារៈយោធា និងបុគ្គលិកទៅវិញទៅមក ខណៈដែលជម្លោះនៅតែបន្តអូសបន្លាយ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារលើគោលដៅជាច្រើននៅ អ៊ុយក្រែន ហើយកងកម្លាំងអាកាសរុស្ស៊ី បានសម្លាប់ទាហានអ៊ុយក្រែនជិត ៥០០ នាក់ និងបានបំផ្លាញចំនួនអាវុធ និងឧបករណ៍មួយចំនួននៃកងពលតូចថ្មើរជើងមេកានិចទី ៥៩ របស់កងទ័ពអ៊ុយក្រែននៅឯកន្លែងផលិតកប៉ាល់ Nikolaev Okean ។
យោងតាមក្រសួង អង្គភាពមីស៊ីល និងកាំភ្លើងធំរបស់រុស្ស៊ី បានវាយប្រហារលើគោលដៅយោធាអ៊ុយក្រែនជាង ២៥០។ យន្តហោះចម្បាំងរុស្ស៊ីបានបំផ្លាញឃ្លាំងអាវុធរបស់អ៊ុយក្រែនចំនួន ៥ គ្រឿង ប្រព័ន្ធមីស៊ីលការពារដែនអាកាស "Buk-M1" មួយ ព្រមទាំងទាហានអ៊ុយក្រែន និងអាវុធជាច្រើនកន្លែង។
នាថ្ងៃដដែល អ្នកនាំពាក្យអគ្គសេនាធិការកងទ័ពអ៊ុយក្រែនបាននិយាយថា កងទ័ពរុស្ស៊ីនៅតែប្រមូលផ្តុំកម្លាំងរបស់ខ្លួនលើទិសដៅ Severodonetsk និង Bakhmut ប៉ុន្តែការតស៊ូរបស់កងទ័ពអ៊ុយក្រែននៅតែបន្ត។
អ្នកនាំពាក្យនៃអគ្គសេនាធិការកងទ័ពអ៊ុយក្រែនក៏បានបញ្ជាក់ផងដែរថា កងកម្លាំងអាកាសអ៊ុយក្រែនបានបើកការវាយប្រហារតាមអាកាសលើគោលដៅរបស់រុស្ស៊ី ដោយបានបំផ្លាញរថពាសដែកប្រហែល ១០ គ្រឿង និងបណ្តាលឱ្យបាត់បង់បុគ្គលិក និងអាវុធរបស់រុស្ស៊ីផងដែរ៕