
អ៊ីតាលី៖ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Luigi Di Maio បានប្រកាសកាលពីថ្ងៃទី ២១ ថា លោកនឹងលាលែងពីគណបក្ស«ចលនាផ្កាយប្រាំ»របស់ខ្លួន និងបង្កើតក្រុមសភាថ្មីមួយ ដែលគាំទ្រក្រុមចម្រុះដែលកំពុងកាន់អំណាច។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានរាយការណ៍ថា សមាជិកសភាជាង ៦០ នាក់មកពីគណបក្ស «ចលនាផ្កាយប្រាំ» បានសម្រេចចិត្តធ្វើតាមលោក Di Maio ។
លោក Di Maio បានប្រាប់សន្និសីទសារព័ត៌មាននៅយប់នោះថា «ខ្ញុំមិនដែលគិតថា ខ្ញុំនឹងធ្វើការសម្រេចចិត្តដ៏លំបាកបែបនេះទេ តែខ្ញុំនឹងចាកចេញពីបក្ស«ចលនាផ្កាយប្រាំ»ដែលជាគណបក្សដ៏ធំបំផុតនៅក្នុងសភា រួមជាមួយនឹងសហការី និងមិត្តភក្តិជាច្រើននាក់នៅថ្ងៃស្អែក»។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានវិភាគថា ការផ្លាស់ប្តូររបស់លោក Di Maio ដើម្បីបំបែកបក្ស«ចលនាផ្កាយប្រាំ» គឺមានបំណងរារាំងគណបក្សប្រជានិយម ពីការបន្តរារាំងរដ្ឋាភិបាលពីការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
បក្ស«ចលនាផ្កាយប្រាំ» មានសមាជិកសភាតំណាងរាស្រ្តចំនួន ៥០ នាក់ និងសមាជិកព្រឹទ្ធសភាចំនួន ១១ នាក់ ដែលបានសម្រេចចិត្តធ្វើតាមលោក Di Maio ច្រើនជាងមួយភាគបួននៃសមាជិកគណបក្សនៅក្នុងសភា រួមទាំងមន្ត្រីជាន់ខ្ពស់នៅក្នុងនាយកដ្ឋានរដ្ឋាភិបាលដូចជា ហិរញ្ញវត្ថុ កិច្ចការបរទេស សុខភាព និង យុត្តិធម៌។
ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេស ប្រឆាំងនឹងអ៊ុយក្រែន រដ្ឋាភិបាលអ៊ីតាលីបានផ្តល់អាវុធ និងជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែន ហើយបានធ្វើតាមសហភាពអឺរ៉ុបដាក់ទណ្ឌកម្មរុស្ស៊ី ដោយបង្កើនភាពខុសគ្នានៅក្នុងបក្សលើគោលនយោបាយអ៊ុយក្រែន។
មេដឹកនាំគណបក្ស និងជាអតីតនាយករដ្ឋមន្ត្រី Giuseppe Conte បានតស៊ូមតិការប្រើប្រាស់មធ្យោបាយការទូតដើម្បីដោះស្រាយជម្លោះ។ លោក Di Maio អតីតមេដឹកនាំគណបក្សបានចោទប្រកាន់លោក Conte ថាមានភាពមិនច្បាស់លាស់ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជួយអ៊ុយក្រែន និងធ្វើឱ្យជំហររបស់អ៊ីតាលីចុះខ្សោយនៅក្នុងសហភាពអឺរ៉ុប។
យោងតាមការវិភាគរបស់ Reuters ការបែងចែកផ្ទៃក្នុងនៃបក្ស នឹងនាំមកនូវអស្ថិរភាពបន្ថែមទៀតដល់ក្រុមចម្រុះដែលកំពុងកាន់អំណាច។ ទោះបីជាការដកខ្លួនចេញពីបក្ស នឹងមិនធ្វើឱ្យក្រុមចម្រុះដែលកំពុងកាន់អំណាចបាត់បង់សំឡេងភាគច្រើនក្នុងសភានាពេលនេះក៏ដោយ ក៏គណបក្សផ្សេងទៀតនៅក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចអាចនឹងធ្វើតាម និងធ្វើឱ្យវិបត្តិនៅក្នុងរដ្ឋាភិបាលកាន់តែធ្ងន់ធ្ងរ៕