
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និង ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ នេះបើតាមការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍រដ្ឋនៅថ្ងៃអាទិត្យ។
លោក Raisi និងលោក Tokaev បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីឧស្សាហកម្ម ការដឹកជញ្ជូន ការផ្លាស់ប្តូរវិទ្យាសាស្ត្រ និងវប្បធម៌ ថាមពល កសិកម្ម ក៏ដូចជាពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ លោក Raisi បាននិយាយថា ភាគីទាំងពីរមានសក្តានុពលដែលមានស្រាប់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោក Tokayev បាននិយាយថា ប្រទេសទាំងពីរបានឃើញការរីកចម្រើននៃទំនាក់ទំនងការទូត និង «កិច្ចសហប្រតិបត្តិការល្អនៅក្នុងក្របខ័ណ្ឌនៃរចនាសម្ព័ន្ធក្នុងតំបន់» ។
ប្រធានាធិបតីកាហ្សាក់ស្ថានបានប្រកាសចេញការលើកលែងទិដ្ឋាការរយៈពេល ១៤ថ្ងៃសម្រាប់ជនជាតិអ៊ីរ៉ង់ដែលចង់ធ្វើដំណើរទៅប្រទេសរបស់លោក។ លោក Tokayev បានទៅបំពេញទស្សនកិច្ចនៅទីក្រុង តេហេរ៉ង់ កាលពីថ្ងៃអាទិត្យ តបតាមការអញ្ជើញផ្លូវការរបស់សមភាគីអ៊ីរ៉ង់ មួយថ្ងៃបន្ទាប់ពីរថភ្លើងដឹកទំនិញដំបូងនៃច្រករបៀងផ្លូវដែកថ្មី ដែលតភ្ជាប់កាហ្សាក់ស្ថាន តួមិននីស្ថាន អ៊ីរ៉ង់ និងតួកគី បានមកដល់ទីក្រុងតេហេរ៉ង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការ៕