
រុស្ស៊ី៖ រុស្ស៊ីកាលពីថ្ងៃទី១៩ បានអះអាងថា មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនបានបំផ្លាញប៉ុស្តិ៍បញ្ជាការរបស់កងទ័ពអ៊ុយក្រែន ដោយបានសម្លាប់ឧត្តមសេនីយ៍ និងមន្ត្រីជាង ៥០ នាក់ ខណៈដែលភាគីអ៊ុយក្រែនបាននិយាយថា ស្ថានភាពនៅ Sievierodonetsk គឺពិបាក ប៉ុន្តែអាចគ្រប់គ្រងបាន។
កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបន្តបើកការវាយប្រហារនៅទីតាំងយោធាដែលមានទីតាំងក្នុងប្រទេសអ៊ុយក្រែន។ នៅម៉ោង ១២៖៣០ មីស៊ីលរយៈចម្ងាយឆ្ងាយ Kalibr ត្រូវបានបាញ់បង្ហោះនៅប៉ុស្តិ៍បញ្ជាការរបស់កងទ័ពអ៊ុយក្រែនក្បែរភូមិ Shirokaya Dacha, Dnepropetrovsk ។
ការវាយប្រហារនេះ បានសម្លាប់ឧត្តមសេនីយ៍ និងនាយទាហានជាង ៥០ នាក់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) រួមទាំងអគ្គសេនាធិការផងដែរ។ លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថាកងទ័ពវាយប្រហារតាមអាកាស និងអង្គភាពដែលប្រតិបត្តិការឆ្ពោះទៅរក Nikolayev និង Zaporozhye ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានដកស្រង់សំដីកងកម្លាំងប្រដាប់អាវុធ Luhansk ដែលនិយាយថា ទាហានអ៊ុយក្រែនដែលជាប់នៅរោងចក្រគីមី Azot ក្នុងទីក្រុង Sievierodonetsk នៅតែបន្តទប់ទល់ ប៉ុន្តែពួកគេក៏បានបង្ហាញពីឆន្ទៈក្នុងការចរចាផងដែរ។
ទីប្រឹក្សារដ្ឋមន្ត្រីផ្ទៃក្នុងអ៊ុយក្រែនលោក Denys Monastyrsky បាននិយាយថា ស្ថានភាពនៅផ្នែកខាងកើតអ៊ុយក្រែនគឺពិបាកជាពិសេសក្នុងទិសដៅ Sievierodonetsk ប៉ុន្តែស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រង។ លោកបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីមិនអាចគ្រប់គ្រងបានក្នុងតំបន់សំខាន់ៗទេនៅប៉ុន្មានថ្ងៃមុខ។