Cctime 6monthsfree desktop
Cc times  web banner kh (2)

អ៊ុយក្រែនត្រូវការប្រាក់ ៥ ពាន់លានដុល្លារក្នុងមួយខែដើម្បីទប់ទល់នឹងការខាតបង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ុយក្រែនត្រូវការប្រាក់ ៥ ពាន់លានដុល្លារក្នុងមួយខែដើម្បីទប់ទល់នឹងការខាតបង់ ប្រភពរូប៖​ RT

អ៊ុយក្រែន៖ សមាជិកសភាជាន់ខ្ពស់មួយរូបបាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែនត្រូវការប្រាក់ចំនួន ៥ ពាន់លានដុល្លារជារៀងរាល់ខែ ដើម្បីជៀសវាងការកាត់បន្ថយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ដោយអំពាវនាវឱ្យមានជំនួយបន្ថែមពីបរទេស បើទោះបីជាជំនួយរាប់ពាន់លានដុល្លារ បានផ្តល់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរួចហើយក៏ដោយ។

ប្រធានគណៈកម្មាធិការសភានៃទីក្រុងគៀវ ស្តីពីហិរញ្ញវត្ថុ ពន្ធដារ និងគោលនយោបាយគយ លោក Danylo Hetmantsev បានលើកឡើងពីការខ្វះខាតនៅក្នុងការអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃទី១៤ ដោយលើកឡើងពីបញ្ហាសេដ្ឋកិច្ចដែលកំពុងកើនឡើង ដែលទាក់ទងនឹងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។

លោកបានបន្តថា «យើងត្រូវការខ្ចីប្រាក់ ៥ពាន់លានដុល្លារក្នុងមួយខែ ប្រសិនបើមិនទទួលបានប្រាក់បន្ថែមទេ យើងនឹងត្រូវកាត់បន្ថយការចំណាយ។ ហើយយើងមិនអាចធ្វើដោយគ្មានជំនួយពីដៃគូរបស់យើងបានទេ ដរាបណាការប្រយុទ្ធនៅតែបន្ត»។

មន្ត្រីរូបនេះបានបន្ថែមថា រដ្ឋាភិបាលបានប្រមូលពន្ធប្រហែល ៣.៤ ពាន់លានដុល្លារកាលពីខែមុន ប៉ុន្តែបានចំណាយច្រើនជាង ៨.៤ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។

ទោះបីជាលោក Hetmantsev បានកត់សម្គាល់ថាអ៊ុយក្រែនបានទទួលប្រាក់កម្ចី និងជំនួយពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួននៅអឺរ៉ុប ដោយទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុបង្ហាញថា ប្រទេសនេះត្រូវបានផ្តល់ជំនួយសេដ្ឋកិច្ចដោយផ្ទាល់ជាង ៥.១ ពាន់លានដុល្លារនៅចន្លោះខែមករាដល់ខែឧសភា។

កាលពីចុងខែមុន ក្រុមប្រទេសទាំងប្រាំពីរ (G7) បានយល់ព្រមបញ្ជូនជំនួយចំនួន ១៩.៨ ពាន់លានដុល្លារផ្សេងទៀតទៅកាន់ទីក្រុងគៀវ ដែលស្របពេលជាមួយនឹងកញ្ចប់ជំនួយដ៏ធំចំនួន ៤០ ពាន់លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន។

សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ខ្លួន ដោយធនាគារពិភពលោកបានព្យាករណ៍ថាសេដ្ឋកិច្ចអ៊ុយក្រែននឹងធ្លាក់ចុះ ៤៥% នៅឆ្នាំ ២០២២។ ការប្រយុទ្ធគ្នាក៏បានធ្វើឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើងផងដែរ ដោយសារទាំងអ៊ុយក្រែន និងរុស្ស៊ីមានចំនួនប្រហែល ៤០% នៃការនាំចេញស្រូវសាលីនៅក្នុង អឺរ៉ុបខាងកើត ខណៈដែលការដាក់ទណ្ឌកម្មសងសឹកលើទីក្រុងមូស្គូបានជួយជំរុញថ្លៃថាមពលជុំវិញពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង