
ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានប្រាប់សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១៥ថា ទីក្រុងប៉េកាំងនឹងបន្តគាំទ្រទីក្រុងម៉ូស្គូលើបញ្ហា «អធិបតេយ្យភាព និងសន្តិសុខ»។ នេះជាជំនួបលើកទីពីររវាងលោកពូទីន និងលោកស៊ី ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការវាយលុករបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។
យោងតាមសារព័ត៌មានរដ្ឋចិន CCTV បានដកស្រង់សម្តី ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ថា ចិនមានឆន្ទៈបន្តផ្តល់ការគាំទ្រទៅវិញទៅមកដល់រុស្ស៊ីលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលដូចជាអធិបតេយ្យភាព និងសន្តិសុខ ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនង និងការសម្របសម្រួលនៅក្នុងអង្គការអន្តរជាតិ និងតំបន់ធំៗ។
សេវាកម្មសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយថា នៅក្នុងជំនួបតាមទូរស័ព្ទដែលបានធ្វើឡើងនៅថ្ងៃខួបកំណើតទី ៦៩ របស់លោក ស៊ី។ មេដឹកនាំទាំងពីរបានកត់សម្គាល់ថា ទំនាក់ទំនងរវាងរុស្ស៊ីនិងចិន បានឈានដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក ហើយកំពុងមានភាពប្រសើរឡើងឥតឈប់ឈរ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា លោក ពូទីន បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូប្រឆាំងនឹងការប៉ុនប៉ងរបស់កងកម្លាំងខាងក្រៅណាមួយក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដូចជាស្ថានភាពនៅស៊ីនជាំង ហុងកុង និងតៃវ៉ាន់។
ខុសពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា សហភាពអឺរ៉ុប ជប៉ុន អូស្ត្រាលី និងប្រទេសមួយចំនួនទៀត ប្រទេសចិនមិនបានដាក់ទណ្ឌកម្មណាមួយលើរុស្ស៊ី ជុំវិញប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែននោះទេ។
កាលពីចុងខែកុម្ភៈ រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធមិនបោះឆ្នោតលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលថ្កោលទោសទង្វើរបស់វិមានក្រឹមឡាំង។
ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមដាក់សម្ពាធលើទីក្រុងប៉េកាំង ឱ្យទទួលយកជំហរមួយបន្ថែមទៀតស្របតាមប្រទេសលោកខាងលិច ទោះបីជាចិនត្រូវតែបដិសេធ មិនចាត់វិធានការណាមួយចំពោះរុស្ស៊ី ដែលខ្លួនហៅថាជា "ដៃគូយុទ្ធសាស្ត្រ"៕