Cctime 6monthsfree desktop
Cc times  web banner kh (2)

តំបន់GMSទទួលបានការវិយោគលើវិស័យដឹកជញ្ជូនជាង៦៥ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
តំណាងនៃបណ្តាប្រទេសតំបន់GMSនៅក្នុងកិច្ចប្រជុំSTF-25នៅឆ្នាំ២០២២នេះ (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ តំបន់GMS សំដៅដល់បណ្តាប្រទេសដែលមានទន្លេមេគង្គហូរកាត់រួមមាន កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ វៀតណាម និងថៃ ទទួលបានអត្រាវិនិយោគរហូតដល់៨៥% នៃក្របខ័ណ្ឌវិនិយោគក្នុងតំបន់GMS គិតត្រឹមឆ្នាំ២០២២ ដែលតួរលេខនេះស្មើនឹង៧៨គម្រោង ដែលមានទុនវិនិយោគ សរុប៦៥,៨ ពាន់លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី២៥ នៃវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ (STF-25) នៅខេត្តសៀមរាប ហើយកិច្ចប្រជុំSTF-25នៅឆ្នាំ២០២២នេះ មានគោលបំណងដើម្បីរាយការណ៍ និងផ្លាស់ប្តូរគំនិតអំពីរបៀបដែលវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ(STF) អាចចូលរួមចំណែកក្នុងការអនុវត្តបញ្ហាអាទិភាព និងគំនិតផ្តួចផ្តើមក្រោមក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ឆ្នាំ២០៣០ (GMS-2030) និងផែនការស្តារ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩របស់GMS និងដើម្បីធ្វើបច្ចុប្បន្នភាព និង/ឬអនុម័តលើជំហានបន្ទាប់។

នៅក្របខណ្ឌGMS-២០៣០ វិស័យដឹកជញ្ជូននឹងបង្កើតជាយុទ្ធសាស្ត្រ ឬគំនិតថ្មីៗ ចំនួនប្រាំមួយ៦រួមមាន៖ (១)យុទ្ធសាស្ត្រ និងផែនការមេផ្លូវដែក នឹងត្រូវបានបង្កើតឡើងជាមួយនឹងភាពលេចធ្លោដែលផ្តល់ឱកាសដល់ការវិនិយោគរបស់ផ្នែកឯកជន និងការអភិវឌ្ឍដល់ដៃគូរអភិវឌ្ឍន៍ (២) ការសង្កត់ធ្ងន់លើការឆ្ពោះទៅរកការអភិវឌ្ឍ និងការពង្រីកសមត្ថភាពនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ ទន្លេ និងកំពង់ផែ ឬផែស្ងួត (៣) លើកកំពស់ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងសេវាដឹកអ្នកដំណើរ (៤) ជំរុញការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ (៥) ជំរុញការធ្វើសមាហរណកម្មការដឹកជញ្ជូនតាម ទីក្រុងទៅក្នុងយុទ្ធសាស្ត្រ និងផែនការនគរូបនីយកម្ម និង (៦)ការពិចារណាលើផលប៉ះពាល់សង្គម បរិស្ថាន និងការតាំងទីលំនៅថ្មីនៃគម្រោងដឹកជញ្ជូន ក៏ដូចជាសុវត្ថិភាពផ្លូវថ្នល់ ដែលជាបញ្ហាអាទិភាព។

ការដឹកជញ្ជូននៅតែបន្តជាវិស័យដ៏ធំជាងគេ ក្នុងនោះមានអត្រាវិនិយោគរហូតដល់៨៥% នៃក្របខ័ណ្ឌវិនិយោគក្នុងតំបន់GMS គិតត្រឹមឆ្នាំ២០២២ ដែលតួរលេខនេះស្មើនឹង៧៨គម្រោង ដែលមានទុនវិនិយោគ សរុប៦៥,៨ ពាន់លានដុល្លារ។ ផលប័ត្រវិនិយោគផ្នែកដឹកជញ្ជូនបច្ចុប្បន្ននៅក្នុងកម្មវិធីGMS នៅតែបន្ត មានថាមពលជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដែលកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា GMS សំដៅដល់បណ្តាប្រទេសដែលមានទន្លេមេគង្គហូរកាត់រួមមាន៖ កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ វៀតណាម និងថៃ។ GMS បង្កើតឡើងដើម្បីអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួនដូចជា កសិកម្ម ថាមពល បរិស្ថាន សុខភាព ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ទេសចរណ៍ ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍទីក្រុង និងតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង