
អាវុធនុយក្លេអ៊ែរលើសកលលោកអាចនឹងកើនឡើងក្នុងរយៈពេល១០ឆ្នាំខាងមុខ ប្រភពរូប៖ EURACTIV.com
ស៊ុយអ៊ែត៖ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm របស់ប្រទេសស៊ុយអែត បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី១៣ ដោយព្យាករណ៍ថា ចំនួនអាវុធនុយក្លេអ៊ែរនៅលើពិភពលោកអាចនឹងកើនឡើងក្នុងរយៈពេល១០ឆ្នាំខាងមុខ ដែលជាលើកទីមួយចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក។
ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា គិតត្រឹមខែមករាឆ្នាំនេះ មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១២,៧០៥ នៅលើពិភពលោក ពោលគឺតិចជាង ៣៧៥ គ្រាប់ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ចំនួនអាវុធនុយក្លេអ៊ែរជាសកលទំនងជាកើនឡើងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដោយសាររដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរទាំងអស់បន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ពួកគេ។
លោក Wilfred Wan នាយកកម្មវិធីអាវុធប្រល័យលោករបស់ទីភ្នាក់ងារនេះ បាននិយាយថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងអស់កំពុងបន្ថែម ឬធ្វើឱ្យប្រសើរឡើងនូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ ហើយពួកគេភាគច្រើនគឺ "កាន់តែខ្លាំងឡើង" អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលជាផ្នែកនៃយុទ្ធសាស្ត្រយោធារបស់ពួកគេ។
យោងតាមរបាយការណ៍ ជាង ៩០% នៃអាវុធនុយក្លេអ៊ែររបស់ពិភពលោក គឺជាកម្មសិទ្ធិរបស់រុស្ស៊ី និងសហរដ្ឋអាមេរិក។ គិតត្រឹមខែមករាឆ្នាំនេះ រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥,៩៧៧ គ្រាប់ ដែលក្នុងនោះច្រើនជាង ១,៦០០ អាចនឹងត្រូវបានដាក់ពង្រាយ។ ខណៈសហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥,៤២៨ គ្រាប់ ដែលក្នុងនោះមាន ១,៧៥០ ត្រូវបានដាក់ពង្រាយ៕