
រុស្ស៊ី៖ កងទ័ពរុស្ស៊ីបាននិយាយថា ខ្លួននឹងដណ្តើមយកទីក្រុង Svyatohirsk ដែលជាទីក្រុងមួយក្នុងតំបន់ Donetsk ជាមួយនឹងសម្ពាធបន្ថែមបានដាក់លើភាគីអ៊ុយក្រែន ដែលបានមើលឃើញពីស្ថានភាពដ៏ធ្ងន់ធ្ងរនៅក្នុងទីក្រុង Donetsk នៅភាគខាងជើងអ៊ុយក្រែន។
លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា កងទ័ពរុស្ស៊ីបានវាយកម្ទេចទីតាំងយោធាក្នុងតំបន់ Kharkov របស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានប្រើដើម្បីជួសជុលរថយន្តប្រដាប់អាវុធ។ ទន្ទឹមនឹងនេះ រុស្ស៊ីក៏បានកម្ទេចយន្តហោះចម្បាំង និងដ្រូនចម្បាំងរបស់អ៊ុយក្រែន នៅក្នុងតំបន់ Kharkov, Zaporizhzhia និង Donetsk ខណៈដែលកងទ័ពរុស្ស៊ីនឹងចូលគ្រប់គ្រងទាំងស្រុងលើ Svyatohirsk និងតំបន់ជុំវិញនៅ Donetsk។
មន្ត្រីម្នាក់នៅទីក្រុង Donetsk បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបន្តការវាយប្រហាររបស់ពួកគេលើទីក្រុងកាលពីថ្ងៃចន្ទ ជាមួយនឹងគ្រាប់មីស៊ីល និងគ្រាប់រ៉ុក្កែត ដែលបានបំផ្លាញមន្ទីរពេទ្យ អគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងទីក្រុង។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីកំពុងរៀបចំផែនការដណ្តើមយកទីក្រុង Zaporizhzhia ដែលជាទីក្រុងសំខាន់មួយនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ លោកក៏បានបន្ថែមថា ស្ថានភាពនៅភាគខាងជើងទីក្រុង Donetsk នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ដោយសារតែទាហានរុស្ស៊ីជាច្រើនបានឈរជើងនៅទីនោះ។
ភាគីអ៊ុយក្រែនបាននិយាយនៅថ្ងៃដដែលនោះថា កងនាវាសមុទ្រខ្មៅរុស្ស៊ីបានដកថយទៅកន្លែងមួយនៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ុយក្រែន ដោយបាត់បង់ការគ្រប់គ្រងទាំងស្រុងនៃសមុទ្រខ្មៅភាគពាយ័ព្យ៕