
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន បានណែនាំដល់ឯកអគ្គរាជទូតកម្ពុជាប្រចំាប្រទេសនានា តម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត។ នេះបើតាមអនុសាសន៍ណែនាំរបស់ សម្តេច ហេង សំរិន នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ទៅកាន់ឯកអគ្គរាជទូតដែលទើបតែងតំាង មុនចេញទៅបំពេញបេសកកម្មការទូត។
សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ឯកអគ្គរាជទូតកម្ពុជាប្រចំាប្រទេសនានា ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច និងត្រូវពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ និងស្អិតរមួតថែមទៀត ដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រទេសជាតិ។
បន្ថែមលើសពីនេះ សម្តេចបានជំរុញដល់ឯកអគ្គរាជទូតទំាងអស់ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈការរាតត្បាត នៃមេរោគកូវីដ១៩ ជាមួយនឹងវិធានការការពារ និងការធ្វើដំណើរ ដោយបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឱ្យគ្នាទៅ វិញទៅមក រវាងស្ថានទូតនិងប្រជាពលរដ្ឋខ្មែរ។
បើតាមសម្តេច ក្នុងកាលៈទេសៈបច្ចុប្បន្ន បច្ចេកវិទ្យាព័ត៌មានវិវឌ្ឍន៍យ៉ាងឆាប់រហ័យ និងសភាពការណ៍តំបន់ និងពិភពលោកប្រែប្រួលឥតឈប់ឈរនេះ ឯកអគ្គរាជទូត ត្រូវមានភាពអន្តរសកម្មជានិច្ច ដោយត្រូវក្តាប់ឱ្យបានច្បាស់នូវសភាពការណ៍ និងព័ត៌មាន ជាពិសេស ព័ត៌មានពីអគតិខាងក្រៅ ដែលតែងតែបំផ្លើសការពិត ក្នុងគោលបំណងបន្តុះបង្អាប់វាយប្រហារ និងគៀបសង្កត់ជាតិ ហើយត្រូវបង្ករភាពងាយស្រួលលើសេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់សុខុមាលភាព និងការពារផប្រយោជន៍របស់ពួកគាត់ ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសដែលឯកឧត្តម លោកជំទាវ ជាតំណាងនៅទីនោះ។
សម្តេច មានក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកអគ្គរាជទូតកម្ពុជាប្រចំាប្រទេសនានាទាំងអស់ នឹងប្រតិបត្តិតួនាទីរបស់ខ្លួនបានល្អជានិច្ច សក្តិសមជាឯកអគ្គរាជទូត ដែលរាជរដ្ឋាភិបាលបានផ្តល់នូវទំនុកចិត្ត៕

