
រុស្ស៊ី៖ កងទ័ពរុស្ស៊ីបាននិយាយថា ខ្លួនបានវាយកម្ទេចមូលដ្ឋានសម្ភារៈយោធាអ៊ុយក្រែននៅ ជាយក្រុងគៀវ ខណៈកងទ័ពអ៊ុយក្រែនបានវាយបកមកលើកងទ័ពរុស្ស៊ីជាច្រើនដងវិញនៅតំបន់ Donetsk និង Luhansk ។
លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃកាលពីថ្ងៃអាទិត្យថា កងទ័ពរុស្ស៊ីបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលមានភាពជាក់លាក់ខ្ពស់ដើម្បីបំផ្លាញរថក្រោះ និងសព្វាវុធផ្សេងទៀត ដែលត្រូវបានផ្តល់ដោយប្រទេសដទៃទៀត។
អ៊ុយក្រែនបាននិយាយថា កម្លាំងរុស្ស៊ីបានវាយប្រហារក្រុងគៀវ ដោយមីស៊ីលតាំងពីថ្ងៃអាទិត្យ។ ដោយមីស៊ីលមួយក្នុងចំណោមនោះត្រូវបានកងទ័បអ៊ុយក្រែនស្ទាក់ចាប់ ខណៈមីស៊ីលជាច្រើនទៀត បានបំផ្ទុះគ្រឿងបរិក្ខារនៅភាគខាងជើងក្រុងគៀវ។ កងទ័ពអ៊ុយក្រែនក៏បានវាយប្រហារលើរុស្ស៊ីជាច្រើនលើកនៅក្នុងទីក្រុង Donetsk និង Luhansk។
កាលពីថ្ងៃច័ន្ទ ភូមិមួយក្នុងតំបន់ Kursk របស់រុស្ស៊ី ដែលនៅជិតព្រំដែនរុស្ស៊ី-អ៊ុយក្រែន ត្រូវបានបាញ់ផ្លោងដោយកងកម្លាំងអ៊ុយក្រែន ដែលបណ្តាលឱ្យស្ពានក្នុងស្រុក និងរោងចក្ររងការខូចខាត នេះបើយោងតាមអភិបាលតំបន់។ ទោះបីជាយ៉ាងណា ភាគីអ៊ុយក្រែននៅមិនទាន់មានការឆ្លើយតបណាមួយជំនួសការខូចខាតនោះទេ។
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយមធ្យមទៅកាន់អ៊ុយក្រែនក្នុងកញ្ចប់ជំនួយសន្តិសុខថ្មីមួយ រួមទាំងប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ (HIMARS) ផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងធ្វើការវាយលុកលើគោលដៅថ្មី ប្រសិនបើសហរដ្ឋអាមេរិកផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន។ លោក ពូទីន បានបន្តថា សកម្មភាពទាំងនេះដោយលោកខាងលិចមានគោលដៅតែមួយ គឺការអូសបន្លាយជម្លោះប្រដាប់អាវុធឱ្យបានយូរតាមដែលអាចធ្វើទៅបាន។
អ្នកវិភាគបានចង្អុលបង្ហាញថា ការផ្គត់ផ្គង់អាវុធឥតឈប់ឈរពីសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាននាំឱ្យមានការកើនឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន៕