
ភ្នំពេញ៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ជាផ្លូវការ នៅម៉ោង៣រសៀលថ្ងៃទី៥ខែ មិថុនានេះ ដោយមានប្រជាពលរដ្ឋប្រមាណជាង ៧លាននាក់ជិត៨០%ចេញទៅចូលរួមបោះឆ្នោត ខណៈ ២៨% មិនបានចូលរួមបោះឆ្នោត។លទ្ធផលបោះឆ្នោតបណ្ដោះអាសន្ននៅទូទាំងប្រទេស បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាដែលជាបក្សចាស់វស្សានាំមុខលើគណបក្សនយោបាយដែលចូលរួម។ប៉ុន្តែតាមពីក្រោយដោយគណបក្សភ្លើងទៀនដែលជា«រលកនយោបាយប្រឆាំងចាស់»។ តើរលកនយោបាយប្រឆាំងចាស់នេះ អាចជាការងើបឡើងវិញ ដើម្បី«វាស់ស្ទង់»កម្លាំងគាំទ្រជាថ្មី?
តាំងពីព្រឹកព្រលឹមប្រជាពលរដ្ឋខ្មែរទាំងប្រុស ទាំងស្រី បានឈរតម្រងជាជួររង់ចាំការបោះឆ្នោត ខណៈការិយាល័យបោះឆ្នោតទាំង២៥ រាជធានី-ខេត្ត បានបើកដំណើរការស្របតាមការកំណត់ ដើម្បីបើកទ្វាឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជី បោះឆ្នោតគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
គិតត្រឹមម៉ោង៥ល្ងាចនៃថ្ងៃបោះឆ្នោត ប្រជាពលរដ្ឋទៅចូលបោះឆ្នោតមានចំនួនជាង៧លាននាក់(៧.១៧២.៤៤៨)នាក់ស្មើនឹងជាង៧៧% (៧៧.៩១%)នៃពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណ៩លាន២សែននាក់។ចំនួននេះត្រូវបាន គ.ជ.ប ចាត់ទុកថា ច្រើនគួរសមបើធៀបនឹងបណ្ដាប្រទេសមួយចំនួនផ្សេងទៀត។ចំណែកអ្នកមិនបានទៅចូលរួមបោះឆ្នោតប្រមាណ២លាននាក់អាចដោយសារបញ្ហាធាតុអាកាស និង ពលរដ្ឋមួយចំនួនទៀតដែលនៅឯក្រៅប្រទេស។
ផ្អែកតាមលទ្ធផលបណ្ដោះអាសន្នរបស់ គ.ជ.ប បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សនយោបាយនាំមុខលើគណបក្សនយោបាយដែលបានដាក់បេក្ខជនប្រកួតប្រជែងដណ្តើមតំណែង ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។
ប៉ុន្តែការឈ្នះនេះតាមពីក្រោយដោយគណបក្សភ្លើងទៀន។គណបក្សនេះ បានដាក់បេក្ខជនជាង ២៣.០០០នាក់ ឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស និង ត្រូវបានគេរំពឹងថា អាចនឹងដណ្តើមបានមេឃុំចំនួន៤ និង សមាជិកក្រុមប្រឹក្សាតាម ឃុំ-សង្កាត់ មួយចំនួនទៀត។
ការរះឡើងវិញនៃរលកនយោបាយប្រឆាំងចាស់នេះ ត្រូវបានគេមើលឃើញថា ជាការងើបឡើងវិញ ក្នុងគោលដៅ វាស់ស្ទង់ និង ធ្វើបច្ចុប្បន្នភាពកម្លាំងអ្នកគាំទ្រជាងថ្មី ក្រោយពីគណបក្សសង្រ្គោះជាតិដែលជាបក្សច្របាច់បញ្ជូលគ្នារវាងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និង គណបក្សសម រង្ស៊ី របស់លោកសម រង្ស៊ី ត្រូវបានតុលាការកំពូលនៃកម្ពុជាសម្រេចរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជាការសន្និដ្ឋាន ការរះនៃរលកនយោបាយប្រឆាំងចាស់ពេលនេះ អាចជាធ្វើបច្ចុប្បន្នភាពកម្លាំងអ្នកគាំទ្ររបស់បក្សប្រឆាំងផង និង សម្រាប់ការវាយតម្លៃរបស់បក្សកាន់អំណាចផងដែរ។ហើយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ក៏ជាតេស្តមើលពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់អាជ្ញាធរតាមមូលដ្ឋាន ដើម្បីត្រៀមកំណែទម្រង់ការងារ និង គោលនយោបាយថ្មីៗបន្ថែមទៀតនៅឆ្នាំបន្ទាប់៕