
ភ្នំពេញ៖ តាមការពិនិត្យរបស់ឯកឧត្តម សុខ ឥសាន ដែលបានទៅដល់ការិយាល័យបោះឆ្នោត និងនៅតាមមណ្ឌលជាច្រើននៅរាជធានីភ្នំពេញ ឯកឧត្តមយល់ឃើញថា ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ។
ឯកឧត្តម បានពន្យល់ថា ដំណើរការបោះឆ្នោតប្រព្រឹត្តដោយរលូននេះ មូលហេតុដោយសារប្រជាពលរដ្ឋបានឆ្លងកាត់ការបោះឆ្នោតជាង១០ដងហើយ។ ដូច្នេះប្រជាពលរដ្ឋមានបទពិសោធន៍ ពលរដ្ឋនឹងនរចិត្តនៅក្នុងសភាពការណ៍ដែលប្រទេសជាតិមានសន្តិភាពពេញលេញ និងគ្មានបញ្ហាអ្វីគួរឲ្យព្រួយបារម្ភ។
ឯកឧត្តម សុខ ឥសាន បានបន្តថា ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតអញ្ជើញទៅកាន់ការិយាល័យបោះឆ្នោតមានរបៀបរៀបរយ ជាមួយទឹកមុខសប្បាយរីករាយក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនេះជាពលរដ្ឋ។
បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់ថា ចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ មិថុនានេះ ឃើញថាមិនមានភាពមិនប្រក្រតី និងបាតុភាពអ្វីដែលកើតឡើងនៅក្នុងដំណើរបោះឆ្នោតនេះទេ។
សូមជម្រាបថា បើតាមសេចក្តីរាយការណ៍ គណៈកម្មាការឃុំ-សង្កាត់រៀបចំការបោះឆ្នោតបានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានចូលរួមក្នុងការបោះឆ្នោតនៅទូទាំងរាជធានីខេត្តទាំង២៥ មានចំនួនសរុប ៧, ១៧២, ៤៤៨ នាក់ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩, ២០៥, ៦៨១ នាក់ ដែលស្មើនឹង ៧៧,៩១%។ ក្នុងនោះប្រជាពលរដ្ឋនៅខេត្តកណ្តាលបានអញ្ជើញទៅបោះឆ្នោតច្រើនជាងគេ ខណៈខេត្តបន្ទាយមានជ័យមានតិចជាងគេ៕