
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៤ មិថុនានេះ បានទទួលជួបអ្នកសង្កេតការណ៍អន្តរជាតិដើម្បីពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ។
អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានអញ្ជើញមកចូលរួមសង្កេតពីដំណើរការបោះឆ្នោតនៅកម្ពុជា មានដូចជាអង្គការ CDI, CAPDI, ICAPP, IPTP និង AIPA ជាដើម។ ប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិនេះ ពួកគេនឹងអញ្ជើញចុះទៅតាមមណ្ឌលបោះឆ្នោតនានា ដើម្បីសង្កេត និងវាយតម្លៃដោយផ្ទាល់ពីដំណើរការបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ។
នៅចំពោះមុខអ្នកសង្កេតអន្តរជាតិ បានពន្យល់អំពីប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ សម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់ ហើយភ្នំពេញដំបូង បានជួបប្រជាជនតែ ៧០នាក់ប៉ុណ្ណោះ នៅរាជធានីភ្នំពេញពេលនោះ ជាវាលរហោស្ថាន មិនដូចភ្នំពេញនាពេលនេះទេ ដែលមានការកកស្ទះចរាចរណ៍ផង និងអាគារខ្ពស់ផង។ អង្គការសហប្រជាជាតិធ្លាប់បានបញ្ជូនកងទ័ពមកខៀវមកកម្ពុជា តែពេលនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅប្រតិបត្តិការនៅប្រទេសដទៃ។
បើតាមសម្តេច ហ៊ុន សែន ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់ផ្ដើមតាំងពីឆ្នាំ២០០២ ដែលនេះជាការបោះឆ្នោតសកល ហើយការបោះឆ្នោតនេះ គឺជាការផ្ទេអំណាចទៅថ្នាក់ក្រោមជាតិ ដើម្បីបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សា ស្រុក ខេត្ត ព្រឹទ្ធសភា។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះប្រតិភូសង្កេតការណ៍ទាំងអស់ ដែលបានមកធ្វើការសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលនេះ ដោយសង្កេតមើលដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយ ដែលធ្លាប់តែល្បីល្បាញអំពីការធ្វើសង្គ្រាម ការកាប់សម្លាប់ប្រល័យពូជសាសន៍ ប្រែក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត៕