ចិន៖ កិច្ចប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានប្រកាសថា នឹងដាក់បញ្ចូលការធ្វើឱ្យប្រព័ន្ធច្បាប់និងយន្តការអនុវត្តមានសុក្រឹតភាព ដើម្បីគាំពារសន្តិសុខជាតិនៅហុងកុង ក្នុងរបៀបវារៈកិច្ចប្រជុំ បន្ទប់ពីនោះ អ្នកនយោបាយលោកខាងលិច ដែលមានលោក Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកជាតំណាង បានមួលបង្កាច់រដ្ឋាភិបាលចិនថា ទង្វើនេះនឹងធ្វើឱ្យហុងកុងបាត់សិទ្ធិស្វ័យគ្រប់គ្រង ព្រមទាំងព្រមានថា នឹងដាក់ទណ្ឌកម្មទៅលើប្រទេសចិន។
ហុងកុងជាតំបន់រដ្ឋបាលពិសេសមួយនៃប្រទេសចិន ដូច្នេះប្រទេសចិនសម្រេចថានឹងធ្វើឱ្យប្រព័ន្ធច្បាប់និងយន្តការអនុវត្តមានសុក្តឹតភាពដើម្បីគាំពារសន្តិសុខជាតិនៅហុងកុង គឺសមហេតុសមផល។
ហេតុអ្វីបានជាមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនតាងនាមឱ្យប្រទេសជាតិ សម្រេចធ្វើឱ្យប្រព័ន្ធច្បាប់និងយន្តការអនុវត្តមានសុក្រឹតភាព ដើម្បីគាំពារសន្តិសុខជាតិនៅហុងកុង?ចម្លើយ គឺដោយសារចង់បំពេញបន្ថែមកង្វះខាតលើវិស័យគាំពារសន្តិសុខជាតិ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ប្រការនេះនឹងធ្វើឱ្យហុងកុងមានប្រព័ន្ធច្បាប់កាន់តែមានសុក្រឹតភាព សណ្តាប់ធ្នាប់សង្គមកាន់តែមានស្ថិរភាព បរិយាកាសច្បាប់និងការប្រកបអាជីវកម្មមានភាពកាន់តែល្អប្រសើរ ប្រការទាំងនេះក៏មានអំណោយផលដល់សហគ្រាសនៃបណ្តាប្រទេសនានាទទួលបានផលប្រយោជន៍កាន់តែល្អនៅហុងកុងផងដែរ។
ចំពោះការចោទប្រកាន់របស់អ្នកនយោបាយអាមេរិក ចំពោះការតាក់តែងច្បាប់សន្តិសុខជាតិរបស់ចិន គឺដោយមកពីពួកគេមានការព្រួយបារម្ភថា បន្ទាប់ពីហុងកុងបានបំពេញបន្ថែមកង្វះខាតលើវិស័យសន្តិសុខជាតិ នោះការប៉ុនប៉ងរបស់ពួកគេដែលចង់យករឿងហុងកុងធ្វើជាលេស ដើម្បីដាក់កំហិតទៅលើប្រទេសចិនក៏នឹងត្រូវរលាយសាបសូន្យ។
ការដែលសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដាក់បញ្ចូលការតាក់តែងច្បាប់សន្តិសុខជាតិពាក់ព័ន្ធនឹងហុងកុងចូលក្នុងរបៀបវារៈកិច្ចប្រជុំ គឺបានបង្ហាញថែមមួយកម្រិតទៀតថា ប្រទេសចិនមិនអនុញ្ញាតឱ្យក្រុមឧទ្ទាមប្រឆាំងប្រទេសចិនឃុបឃិតជាមួយកម្លាំងប្រឆាំងប្រទេសចិននៅក្រៅប្រទេស មកបំផ្លិចបំផ្លាញសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមហុងកុងនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនជាដាច់ខាត ហើយហុងកុងក៏មិនមែនជាឧបករណ៍ត្រូវពលីសម្រាប់រដ្ឋាភិបាលអាមេរិកធ្វើអនុត្តរភាពនៅលើពិភពលោកជាដាច់ខាត ៕