
ភ្នំពេញ៖ ស្រុកគិរីវង់ ខេត្តតាកែវ ទទួលបានគម្រោងចំនួន២ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៨៧ម៉ឺន ដុល្លារអាម៉េរិក ក្រោមមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២១។ គម្រោងទាំង២មានដូចជា គម្រោងពិពិធកម្មសេដ្ឋកិច្ចជនបទសម្រាប់កសិករដែលមានចំណូលទាប និងគម្រោងចែកចាយទឹកស្អាតដើម្បីអនាគតទាំងអស់គ្នា។ គម្រោងនេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅ និងពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋនៅស្រុកគិរីវង់ សំដៅជំរុញកំណើនសេដ្ឋកិច្ចនៅជនបទ និងលក្ខខណ្ខរស់នៅកាន់តែប្រសើរឡើង។
គម្រោងទាំងពីរនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្រោមវត្តមាន ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ រួមជាមួយសហគមន៍កសិករប្រើប្រាស់ទឹក និងប្រជាកសិករដាំបន្លែ និងភាគីពាក់ព័ន្ធនានា សរុបមានចំនួន៤០៩នាក់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។ គម្រោងទាំងពីរនេះនឹងត្រូវដាក់ឱ្យអនុវត្តសម្រាប់រយៈពេល ១ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣។
ការអនុវត្តគម្រោងទាំងពីរ គឺដើម្បីផ្តល់ការគាំទ្រដល់សហគមន៍កសិកម្មទាំង១៣នៅស្រុកគិរីវង់ ជាពិសេសអនុវត្តលើសហគមន៍កសិកម្មសំខាន់ចំនួន៤ រួមមានសហគមន៍កសិកម្មគិរីឧត្តមតាអូរ សហគមន៍កសិកម្មពីងពុងសុខសែនជ័យ សហគមន៍កសិកម្មទំនប់អាងស្រែកេស និងសហគមន៍កសិកម្មភូមិបីមានជ័យ ដែលសហគមន៍ទាំង៤ ស្ថិតនៅឃុំតាអូរ ឃុំសោម និងឃុំគិរីចុងកោះនៃស្រុកគិរីវង់ ខេត្តតាកែវ។

ជាមួយគ្នានេះ គម្រោងពិពិធកម្មសេដ្ឋកិច្ចជនបទសម្រាប់កសិករដែលមានចំណូលទាប គ្រោងនឹងអនុវត្តសកម្មភាពដូចជាសាងសង់ឃ្លាំងស្តុកបន្លែតាមសហគមន៍ចំនួន៣ សាងសង់ជង្រុកស្រូវចំនួន១ សាងសង់ឃ្លាំងត្រជាក់សម្រាប់ដាក់បន្លែចំនួន១ ផ្ដល់ជូននូវគ្រាប់ពូជបន្លែ និងជីកសិកម្មបន្ថែមសម្រាប់ប្រជាកសិករ ផ្ដល់ជូនឧបករណ៍កសិកម្ម (ត្រាក់ទ័រចំនួន១) និងឧបករណ៍កែឆ្នៃ និងការវេចខ្ចប់ឲ្យមានសោភ័ណភាព និងអនាម័យដល់សហគមន៍ (ម៉ាស៊ីនផលិតអូហ្សូនសម្អាតចំនួន៤ និងម៉ាស៊ីនវេចខ្ចប់ចំនួន៤) ផ្តល់នូវជំនាញធ្វើសាប៊ូសហគមន៍រួមមាន រោង ឧបករណ៍ផលិត (ម៉ូទ័រធុងកូរ) និងវត្ថុធាតុដើម និង រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការកាត់បន្ថយភាពក្រីក្រលក្ខណៈអន្តរជាតិ។
ដោយឡែក គម្រោងចែកចាយទឹកស្អាតដើម្បីអនាគតទាំងអស់គ្នា គ្រោងនឹងអនុវត្តសកម្មភាពដូចជា អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកបរិសុទ្ធជនបទខ្នាតតូច, ដំឡើងប្រព័ន្ធទុយោទឹកប្រវែងសរុបប្រមាណ ៣០ គីឡូម៉ែត្រដើម្បីតភ្ជាប់សហគមន៍ទាំង៤ និងតបណ្ដាញទឹកភ្ជាប់កុងទ័រចូលតាមផ្ទះជូនគ្រួសារក្រីក្រ ៤០០ គ្រួសារ, ការជីកអណ្ដូងជម្រៅជ្រៅដែលមានលក្ខណៈស្តង់ដាចំនួន ៥, កសាងសមត្ថភាពសម្រាប់សហគមន៍លើផ្នែកហិរញ្ញវត្ថុ ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និងបំពាក់កុំព្យូទ័រចំនួន ៤គ្រឿង, ព្រមទាំងកម្មវិធីបណ្តុះបណ្តាលសមត្ថភាពជំនាញ និងទស្សនកិច្ចសិក្សាលក្ខណៈជាតិ និងលក្ខណៈអន្តរជាតិផ្សេងទៀតលើការអភិវឌ្ឍមូលដ្ឋាន។

គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេសនៅតាមដងទន្លេឡានឆាង-មេគង្គទាំង៦ ដែលផ្នែកខាងលើនៃទន្លេហៅថា «ទន្លេឡានឆាង» និងផ្នែកខាងក្រោមនៃទន្លេហៅថា «ទន្លេមេគង្គ»។ កិច្ចសហប្រតិបត្តិការនេះមានគោលដៅរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃបណ្តាប្រទេសក្នុងតំបន់មេគង្គ លើកកម្ពស់សុខុមាលភាពប្រជាជន កាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាប្រកបដោយសុខសន្តិភាព និងវិបុលភាព៕


