Foton on ads news final
Cct850x100 1
Sme laon web banner(1800 x 300)

ទូតអាម៉េរិកឆ្លើយសំណួរសុីសុីថាមស៍ជុំវិញ "វត្តមានសម្តេច ហ៊ុន សែននៅអាម៉េរិក"

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក Chad Roedemier អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃអង្គារ បានឆ្លើយតបនឹងសំណួររបស់សារព័ត៌មានស៊ីស៊ីថាមស៍ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចរបស់ សម្តេច ហ៊ុន សែន រួមជាមួយនឹងករណីគប់ស្បែកជើងទៅលើសម្តេច ហ៊ុន សែន។ ក្នុងការឆ្លើយតបសំណួររបស់ស៊ីស៊ីថាមស៍ ស្ថានទូតអាម៉េរិកបានបញ្ជាក់ពីការគាំទ្រពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន និងលទ្ធផលនៃកិច្ចប្រជុំបានជួយឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានលក្ខណៈល្អប្រសើរ។

អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា លោក Chad Roedemier បានឆ្លើយតបតាមរយៈសារអេឡិចត្រូនិច (Email) ជាមួយសារព័ត៌មានស៊ីស៊ីថាមស៍នៅល្ងាចថ្ងៃនេះថា សហរដ្ឋអាម៉េរិកស្វាគមន៍លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខរដ្ឋ អាស៊ានផ្សេងទៀតទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ប្រកបដោយជោគជ័យ ។

លោក Chad Roedemier បានបន្តថាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក បានរំលឹកខួប៤៥ឆ្នាំនៃទំនាក់ទំនង អាស៊ាន-អាម៉េរិក និងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាម៉េរិកចំពោះ “តួនាទីកណ្តាលនៃអាស៊ាន” (ASEAN Centrality)ក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនិងអាស៊ានបានប្តេជ្ញានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១០ដែរគ្រោងនឹងធ្វេីនៅខែវិច្ឆិកាឆ្នាំ២០២២ សហរដ្ឋអាម៉េរិក និងអាស៊ាននឹងលេីកកំរិតទំនាក់ទនងអាស៊ាន-អាមេរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានអត្ថន័យខ្លឹមសារនិងផលប្រយោជន៍ទៅវិញទៅមក។

ជុំវិញករណីគប់ស្បែកជើងមកលើសម្តេច ហ៊ុន សែន អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា លោក Chad Roedemier មិនមានការបកស្រាយនៅឡើយទេ។

សូមជម្រាបថា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ករណីគប់​ស្បែកជើង​សំដៅទៅសម្តេច នៅឯសហរដ្ឋអាម៉េរិក គឺសម្តេចមិនស្នើឲ្យអាម៉េរិក​ចាត់​វិធានការនោះទេ ប៉ុន្តែសម្តេចទុកឲ្យ​សហរដ្ឋអាម៉េរិក​គិតគូរទៅតាមច្បាប់​របស់​ខ្លួន។

ជាមួយគ្នានោះ សម្តេចក៏បានសួរទៅកាន់ភាគីអាម៉េរិកថា ទង្វើគប់ស្បែកជើងជា សិទ្ធិនៃការបញ្ចេញមតិ ឬអំពើហិង្សា? សម្តេចថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាព្រឹកថ្ងៃទី១៧ ឧសភានេះ៕

សំណួររបស់អ្នកយកព៌ត៏មានស៊ីស៊ីថាមស៍សួរទៅអ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។
អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា លោក Chad Roedemier បានឆ្លើយតបតាមរយៈសារអេឡិចត្រូនិច (Email) ជាមួយសារព័ត៌មានស៊ីស៊ីថាមស៍។


Khcct banner

អត្ថបទទាក់ទង