Yearendyearend1140x150

អាស៊ាន-អាម៉េរិកប្តេជ្ញារួមគ្នាមិនឱ្យតំបន់អាស៊ានមាន«អាវុធប្រល័យលោក»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ឆ្នាំ២០២២

វ៉ាស៊ីនតោន៖ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ឆ្នាំ២០២២ បានបិទបញ្ចប់ជាផ្លូវការហើយកាលពីថ្ងៃទី ១៣ ឧសភា ហើយបានប្រកាសរួមគ្នាលើទស្សនវិស័យរួមជាច្រើនរវាងប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក។ក្នុងសេចក្តីប្រកាសរួមគ្នានោះនេះ អាស៊ាន-អាម៉េរិកប្តេជ្ញារួមគ្នាមិនឱ្យតំបន់អាស៊ានមាន«អាវុធនុយក្លេអ៊ែរ»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានអះអាងថា បានជួបជុំគ្នាក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក ដែលជាកិច្ចប្រជុំដំបូងមិនធ្លាប់មានពីមុនមកនៅរដ្ឋធានាវ៉ាស៊ីនតោនឌីស៊ី ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។កិច្ចប្រជុំនេះបានបិទបញ្ចប់ជាផ្លូវការហើយ។

បើតាមសេចក្តីប្រកាសព័ត៌មានអាស៊ាន-អាម៉េរិក បានបង្ហាញការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោកដទៃទៀត ដូចដែលបានចែងនៅក្នុងសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (សន្ធិសញ្ញា SEANWFZ) និង ធម្មនុញ្ញអាស៊ាន។សម្រាប់អាស៊ាន និងអាម៉េរិក ការគាំទ្រនេះ គឺ ដើម្បីពង្រឹងរបបមិនរីកសាយភាយនុយក្លេអ៊ែរ និងការរំសាយអាវុធនុយក្លេអ៊ែរដូចមានចែងក្នុងមាត្រាទីVI នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធីដូចមានចែងក្នុង NPT មាត្រា IV ។ 

ជាមួយគ្នានោះ អាស៊ាន-អាម៉េរិកនៅតែបន្តប្តេជ្ញាចិត្តចំពោះសកលភាវូបនីយកម្មនៃពិធីសារបន្ថែមរបស់ IAEA និងគាំទ្រការអនុវត្តពេញលេញនៃអនុសញ្ញាស្តីពីការហាមឃាត់ការអភិវឌ្ឍន៍ ការផលិត ការស្តុកទុក និងការប្រើប្រាស់អាវុធគីមីនិងការបំផ្លាញ (CWC) និង អនុសញ្ញាស្តីពីការហាមឃាត់ការអភិវឌ្ឍន៍ ការផលិត និងការស្តុកទុកនៃបាក់តេរី (ជីវសាស្ត្រ) និងអាវុធជាតិពុលនិងការបំផ្លាញ (BTWC)។ 

ក្រៅពីការប្រកាសរួមគ្នា អាស៊ាន-អាម៉េរិក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតសន្តិភាពជាអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ ហើយអំពាវនាវឱ្យកូរ៉េខាងជើងគោរពឱ្យបានពេញលេញនូវសេចក្តីសម្រេចពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយគិតគូរដល់ការអំពាវនាវរបស់សហគមន៍អន្តរជាតិឲ្យប្រើប្រាស់មធ្យោបាយការទូត និងដើម្បីផលប្រយោជន៍ ក្នុងការរក្សាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង