
ភ្នំពេញ៖ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានស្នើសុំសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បចាកចេញទៅក្រៅប្រទេស។ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររយៈ៤ម៉ោងក្នុងពេលដែលលោក កឹម សុខា និងសហការី បានដឹកនាំប្រតិភូអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅខេត្តកំពង់ចាម។
ការជួបផ្ទាល់ជាមួយសម្ដេច ហ៊ុន សែន និងលោក កឹម សុខា មានរយៈពេល ៤ម៉ោង ដែលបានពិភាក្សាទៅលើបញ្ហាជាច្រើនក្នុងនោះមានជាអាទិ៍ ការយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ យុទ្ធនាការបង្ការនិងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ ការស្តារសេដ្ឋកិច្ចនៅក្រោយបរិបទជំងឺរាតត្បាតកូវីដ-១៩ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និង ការកសាងហេដ្ឋរចនាសម្ព័ន្ធជាតិសំខាន់ៗ ព្រមទាំងស្ថានការណ៍ក្នុងតំបន់ និងពិភពលោកជាដើម។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមធ្វើជាសហប្រធានសម្រាប់កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា ក្នុងជំនួបរយៈពេល៤ម៉ោងជាមួយលោក កឹម សុខា នាពេលកន្លងទៅលោក កឹម សុខា បានស្នើសុំទៅសម្តេច ដើម្បីបានចេញទៅក្រៅប្រទេសពិនិត្យសុខភាព។សម្រាប់សម្តេច ហ៊ុន សែន សំណើរនេះសម្តេចគ្មានសិទ្ធិក្នុងការសម្រេចនោះទេ វាជាសិទ្ធិសម្រេចរបស់តុលាការ។
តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បានអះអាងថា ប្រសិនគ្រាន់តែជាបញ្ហាសុខភាពមិនមែនជាឧបសគ្គរារាំងដល់ការចាកចេញទៅក្រៅប្រទេសរបស់លោកកឹម សុខា នោះទេ ហើយប្រសិនបើសម្តេចជាតុលាការវិញសម្តេចនឹងសម្រេចអនុញ្ញាតឱ្យលោក កឹម សុខា ចេញទៅក្រៅប្រទេសបាន។
គួរបញ្ជាក់ថា លោក កឹម សុខា នាថ្ងៃទី០៨ ឧសភា បានដឹកនាំប្រតិភូអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅខេត្តកំពង់ចាម។ ក្នុងឱកាសនេះ លោក កឹម សុខា បានជួបផ្ទាល់ជាមួយសម្ដេច ហ៊ុន សែន និងបានពិភាក្សាអំពីបញ្ហាទូទៅនៅក្នុងប្រទេសផងដែរ។ជំនួបនោះត្រូវបានគេចាប់អារម្មណ៍យ៉ាងណាខ្លាំងពីក្រុមអ្នកវិភាគ និង ក្រុមអតីតគណបក្សប្រឆាំងនៅក្រៅប្រទេស៕