
វ៉ាស៊ីនតោន៖ ដំណើរការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម បានសម្រេចចំនួន៩០ភាគរយហើយ គិតត្រឹមថ្ងៃទី ១២ ឧសភានេះ។នេះបើតាមការអះអាងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម ធ្វើជាសហប្រធានសម្រាប់កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក។
នៅចំពោះមុខប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការរស់នៅក្នុងទឹកដីសហរដ្ឋអាម៉េរិក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ក្រុមការងារបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បានចរចាសម្រេចចំនួន៨៤ភាគរយ ហើយថ្មីៗនេះ ការចរចាបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមសម្រេចបាន៦ភាគរយទៀត ធ្វើឱ្យការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម សម្រេចបាន ៩០ភាគរយ។
បើតាមសម្តេច ហ៊ុន សែន នៅសល់ចំនួន១០ភាគរយទៀត ភាគីប្រទេសកម្ពុជា និងវៀតណាម កំពុងពន្លឿនការចរចាដោយសារមានតំបន់ខ្លះនៅប្រទាញប្រទង់គ្នា ជាពិសេសតំបន់ដាក់ដាំ និង ដាក់ហ៊ូត ក្នុងខេត្តមណ្ឌលគិរីដែលកំពុងមានភាពចម្រូងចម្រាសខ្លាំង។ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ជិញ លើទឹកដីអាម៉េរិក សម្តេច ហ៊ុន សែន បានអះអាងថា ភាគីទាំងពីរប្រកាសជំហរដូចគ្នាក្នុងការពន្លឿការងារបោះបង្គោលព្រំដែននេះ។
សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាប្រគល់ដីឱ្យប្រទេសវៀតណាមដូចការឃោសនារបស់ក្រុមប្រឆាំងមែន មិនបាច់រង់ចាំការចរចាពីមួយដំណាក់កាលទៅមួយដំណាក់កាលនោះទេ តែការងារបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនេះ កម្ពុជាធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត តាមច្បាប់អន្តរជាតិ និង ច្បាប់នានា។
គួរបញ្ជាក់ថា តំបន់ដាក់ដាំ និង ដាក់ហ៊ូត ក្នុងខេត្តមណ្ឌលគិរី ជាតំបន់មានភាពចម្រូងចម្រាសខ្លាំង។អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ធ្លាប់បានអះអាងថា វៀតណាមមានឯកសារ និងមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការគ្រប់គ្រងដីនៅតំបន់ដាក់ដាំហើយខ្លួនកំពុងផ្ទៀងផ្ទាត់ព័ត៌មាននេះ។តែមន្ត្រីទទួលបន្ទុកការងារព្រំដែនកម្ពុជា បានចាត់ទុកអំណះអំណាងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមដែលថា ជាការអះអាងខុសច្បាប់ខណៈដែលបច្ចុប្បន្នគេឃើញជនជាតិ វៀតណាម កាន់តែច្រើនឡើងៗបានចូលមករស់នៅក្នុងខេត្តមណ្ឌលគិរីនេះ៕