បាត់ដំបង៖ ស្ត្រីចំណាស់ម្នាក់ដែលជាជនរងគ្រោះ បានស្នើសុំឲ្យអាជ្ញាធរ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបងជួយអន្តរាគមន៍ ក្រោយប្លង់ដីចំនួនបួនប្លង់របស់ខ្លួនត្រូវបានគេឡើងលួចយកទៅបញ្ចាំ អស់រយៈពេល៦ឆ្នាំតែមិនទាន់ដោះស្រាយបាន។
លោកស្រី ជា សារ៉ន អាយុ៦០ ឆ្នាំ ជាស្ត្រីមេម៉ាយម្នាក់ឯងរស់នៅភូមិ ទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានស្នើឲ្យអាជ្ញាធរឃុំ ជួយអន្តរាគមន៍ ទប់ស្កាត់ និង ដឹងឮ បន្ទាប់ពីគាត់បានបាត់ប្លង់ដីចំនួន៤ក្បាលដី កាលពី៦ឆ្នាំមុន។
លោកស្រី ជា សារ៉ន បានផ្តល់ព័ត៌មានដល់សារព័ត៌មានស៊ីស៊ីថាមស៍ថា ប្លង់ដីចំនួនបួនប្លង់របស់លោកស្រី ជា សារ៉ន ត្រូវបានអ្នកជិតខាងឡើងលើផ្ទះលួចយកទៅដាក់បញ្ចាំតាំងពីឆ្នាំ២០១៥ ដើម្បីយកប្រាក់។ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរស្រុកសង្កែ តែមកដល់ពេលបច្ចុប្បន្នមានរយៈ៦ឆ្នាំហើយនៅដោះស្រាយមិនបាន។
លោក ស៊ុន សុវណ្ណ អធិការស្រុកសង្កែ ខេត្តបាត់ដំបង ថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អាជ្ញាធរគ្មានសិទ្ធិរក្សាទុកប្លង់ដីរបស់ប្រជាពលរដ្ឋរាប់ឆ្នាំនោះទេ ហើយករណីនេះអធិការស្រុកនឹងបើកការស្រាវជ្រាវបន្ថែមជូនសាធារណៈឱ្យដឹង។បើតាមអធិការស្រុកសង្កែ តែក្នុងករណីប្លង់ដីនោះត្រូវរក្សាទុកនៅម្ចាស់បញ្ចាំ លោកលើកទឹកចិត្តឱ្យប្តីបន្តទៅតុលាការដើម្បីដោះស្រាយ។