បាងកក៖ កសិករចិញ្ចឹមជ្រូកថៃបានប្រកាសគាំទ្រគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្មក្នុងការរក្សាតម្លៃកសិដ្ឋាននៅកម្រិត ១០០ បាតក្នុងមួយគីឡូក្រាម បើទោះបីជាតម្លៃកើនឡើងក៏ដោយ។
បើតាមលោកSitthipan Thanakiatpinyo ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកនៅភាគឦសានបាននិយាយថាកសិករទូទាំងប្រទេសបានយល់ព្រមរក្សាតម្លៃកសិដ្ឋានដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ទោះយ៉ាងណាលោកថា កសិករកំពុងរង់ចាំមើលថាតើរដ្ឋាភិបាលនឹងដោះស្រាយការកើនឡើងនៃតម្លៃផលិតកម្មដែលទាក់ទងនឹងតម្លៃចំណី និងសុខភាពបសុសត្វដោយរបៀបណា។
ដោយឡែក លោកបាននិយាយថាទិន្នផលធ្លាក់ចុះ ៥០% បន្ទាប់ពីការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) ខណៈពេលដែលបន្ថែមថាមិនមានការផ្គត់ផ្គង់ដោយកសិករច្រើនទេហើយតម្លៃបានកើនឡើងដោយសារតែការកើនឡើងតម្លៃចំណី។ លោកបានអំពាវនាវដល់រដ្ឋាភិបាលកុំឱ្យនាំចូលសាច់ជ្រូកក្នុងន័យប៉ះប៉ូវផលិតកម្មដែលបាត់បង់ និងបង្ក្រាបលើ "ការរត់ពន្ធ" សាច់ជ្រូក និងជ្រូកពីប្រទេសអាល្លឺម៉ង់ ប្រេស៊ីល កាណាដា អ៊ីតាលី កូរ៉េ បែលហ្ស៊ិក និងសហរដ្ឋអាមេរិក។ លោកបានបន្តថាកសិករចិញ្ចឹមជ្រូកបានបង្កើនការប្រុងប្រយ័ត្នប្រឆាំងនឹងការរីករាលដាលនៃជំងឺ ASF ហើយកំពុងលើកទឹកចិត្តកសិករឱ្យវិលមករកផលិតកម្មវិញ។ បើរដ្ឋាភិបាលអនុញ្ញាតឱ្យនាំចូលសាច់ជ្រូក វានឹងប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុកជាខ្លាំង។ លោកបានមានប្រសាសន៍ថា "រដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យយន្តការទីផ្សារបំពេញការងាររបស់ពួកគេ ហើយធ្វើឱ្យតម្រូវការ និងការផ្គត់ផ្គង់មានតុល្យភាពឡើងវិញ។ នេះនឹងផ្តល់ឱ្យកសិករចិញ្ចឹមជ្រូកនូវការលើកទឹកចិត្តក្នុងការបន្តផលិតកម្ម ជំរុញការផ្គត់ផ្គង់ក្នុងស្រុក និងដោះស្រាយបញ្ហាតម្លៃប្រកបដោយនិរន្តរភាព"។
ទោះយ៉ាងណា លោកថា កសិករនឹងគាំទ្រគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម និងរក្សាតម្លៃកសិដ្ឋានមិនលើសពី ១០០បាតក្នុងមួយគីឡូក្រាម ដើម្បីបញ្ចៀសផលប៉ះពាល់ដល់អ្នកប្រើប្រាស់។ លោកក៏បានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការបន្ធូរបន្ថយដូចជាកម្ចីទន់សម្រាប់កសិករដោយនិយាយថាពួកគេនៅតែត្រូវចំណាយលើការការពារជំងឺ និងថ្លៃថែទាំនៅកសិដ្ឋានរបស់ពួកគេ។ លោក Suntaraporn បាននិយាយថា ការចំណាយលើការផលិតត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលមួយក្នុងការដំឡើងតម្លៃប្រេងម៉ាស៊ូតពី ៣០ បាតក្នុងមួយលីត្រដល់ ៣២បាតពីម្សិលមិញ។ នៅថ្ងៃទី ៣០ ខែមេសា តម្លៃកសិដ្ឋាននៅតំបន់ភាគខាងលិច ភាគខាងកើត និងភាគឦសានគឺ ៩៨-១០០ បាតក្នុងមួយគីឡូក្រាម ខណៈនៅតំបន់ភាគខាងជើងមានតម្លៃ ១០០ បាតក្នុងមួយគីឡូក្រាម និង ៩៨ បាតក្នុងមួយគីឡូក្រាមនៅតំបន់ភាគខាងត្បូង នេះបើយោងតាមទិន្នន័យពីសមាគមអ្នកចិញ្ចឹមជ្រូក។ទោះជាយ៉ាងតម្លៃលក់រាយបានកើនឡើងដល់ ២០០ បាតក្នុងមួយគីឡូក្រាម៕