ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២០ មានការកត់ត្រាមូសបានចំនួន២៩០ប្រភេទ ស្មើនឹង២០ពួក ដោយក្នុងនោះ ៤៩ប្រភេទជាកំណត់ត្រាថ្មី ហើយមូស ៤៣ប្រភេទមានជាប់ពាក់ព័ន្ធនឹងការបង្កជំងឺ (Maquart et al., 2020)។ តាមការវាយតម្លៃជំងឺបង្កឡើងដោយសត្វល្អិតមានច្រើនជាង១៧% នៃជំងឺឆ្លងសរុប និងបណ្ដាលឱ្យ មនុស្សស្លាប់ជាងមួយលាននាក់ក្នុងមួយឆ្នាំៗ ហើយបានសាយភាយទៅគ្រប់ទីកន្លែងពាសពេញពិភពលោកតាមរយៈទង្វើរបស់មនុស្សដូចជាការដឹកជញ្ជូនសកម្មភាពរទេសចរណ៍។
ក្នុងចំណោមប្រភេទសត្វល្អិតបង្កជំងឺ សត្វមូសចំនួនបីពួកត្រូវបានកំណត់ជាភ្នាក់ងារចម្លងជំងឺសកម្មជាង គេដូចជា មូសក្នុងពួកអេដេស (Aedes) ជាភ្នាក់ងារបង្កេរជំងឺគ្រុនឈាម (Dengue) គ្រុនឈីក (Chikungunya) ហ្ស៊ីកា (Zika) ពួកអាណូផេលេស (Anopheles) ជាភ្នាក់ងារបង្ករជំងឺគ្រុនចាញ់ (Malaria) និងពួកគូលិច Culex ជាភ្នាក់ងារបង្ករជំងឺគ្រុនលឿង (Yellow fever) និងជំងឺរលាកខួរក្បាលជប៉ុន(Japanese Encephalitis) ហើយមូសទាំងបីពូកនេះសុទ្ធតែជាភ្នាក់ងារបង្ករជំងឺជើងដំរី (Elephantiasis)។
ជាក់ស្តែងនៅប្រទេសកម្ពុជាជំងឺគ្រុនឈាមដែលមានមូសខ្លា (Aedes aegypti) ជាភ្នាក់ងារចម្លង ត្រូវបានចាត់ទុកថាជាជំងឺគួរឱ្យកត់សម្គាល់ បំផុតបន្ទាប់ពីមានការផ្ទុះឡើងនៅឆ្នាំ១៩៩៥ ដោយធ្វើឱ្យមានអ្នកជំងឺស្លាប់ជាង៤០០នាក់។ ចំណែកជំងឺគ្រុនចាញ់ដែលមានភ្នាក់ងារចម្លងជាមូសដែកគោល (ចំនួន៤ប្រភេទគឺ៖ Anopheles minimus, A. dirus, A. maculatus, A. aconitus) មានអត្រាចម្លងថយចុះក្នុងអំឡុងពីរ ទសវត្សរ៍ចុងក្រោយ ប៉ុន្តែវាបានកើនឡើងវិញម្ដងទៀតនៅឆ្នាំ២០១៧។
នៅទីក្រុងភ្នំពេញ ការសិក្សាអំពីសត្វមូសរយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ២០២០ ដោយនិស្សិតផ្នែកអភិរក្សជីវៈចម្រុះនៃសាកវិទ្យាល័យភូមិន្ធភ្នំពេញសហការជាមួយវិទ្យាសា្ថនប៉ាស្ទ័របានរកឃើញមូសចំនួន១០ប្រភេទ ក្នុងនោះមូសក្នុងពួកអេដេស ចាប់បានសំណាកច្រើនជាងគេពោលគឺប្រមាណ ៨៧% នៃចំនួនសំណាកមូសសរុបហើយប្រភេទមូសចាប់បានសំណាកតិចបំផុតគឺ Toxorhynchites splendens (Khin in prep)។ សូបញ្ជាក់ផងដែរថាប្រភេទមូស Toxorhynchites splendens ត្រូវបានចាត់ទុកថាជាប្រភេទសូចនាករក្នុងការគ្រប់គ្រងប្រភេទមូសផ្សេងៗព្រោះថាដង្កូវទឹករបស់មូស ប្រភេទ នេះស៊ីដង្កូវទឹករបស់ប្រភេទមូសផ្សេងៗទៀត ហើយមូសប្រភេទនេះក៏មិនមានបង្កជំងឺដែរ (Nyamah, 2011)។
មូសជាសត្វល្អិតមានស្លាប មានមាត់ជាទ្រនិចស្រួចសម្រាប់ខាំជញ្ជក់ (វចនានុក្រមខ្មែរ ១៩៦៧)។ ជាទូទៅ មូសញីរស់នៅដោយបឺត ជញ្ជក់ឈាមមនុស្ស និងសត្វដើម្បីចិញ្ចឹមជីវិត និងបង្កកំណើត ចំណែកមូសឈ្មោលបឺតជញ្ជក់ទឹកដមផ្កាជាអាហារ។ មូសត្រូវបានចាត់ចូលក្នុងអំបូរគូលីស៊ីដេ (Culicidae) ហើយបច្ចុប្បនត្រូវបានកត់ត្រាថា មានសរុបប្រមាណជាជាង ៣៦០០ប្រភេទ នៅលើ សកលលោក។