
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,៣% នៅឆ្នាំ ២០២២ និង ៦,៥% នៅឆ្នាំ ២០២៣ ដោយសារកំណើននៃការនាំចេញទំនិញ និង លំហូរវិនិយោគផ្ទាល់ពីបរទេស។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៨,១% នៅឆ្នាំ ២០២២ និង ៩,១% ក្នុងឆ្នាំ ២០២៣។ កំណើននេះក៏នឹងត្រូវបានជំរុញដោយការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។
ការនាំចេញទំនិញ និងសេវាកម្ម ត្រូវបានព្យាករថានឹងកើនឡើងនៅឆ្នាំ ២០២២ និង ២០២៣ដោយសារកំណើនតម្រូវការក្រៅស្រុក លើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍។ វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត ៤,៨% នៅឆ្នាំនេះ និងកើនដល់ ៦,៨% ក្នុងឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍។
ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំងនឹងកូរឹង១៩ នឹងធ្វើឱ្យមានការងើបឡើងវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រ តម្រូវការនៃកន្លែង ស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។ របាយការណ៍នេះអំពាវនាវឱ្យកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។
លោក Anthony Gill នាយកស្ដីទីប្រចាំប្រទេសកម្ពុជារបស់ ADB បានមានប្រសាសន៍ថា “កំណើនបានមានប្រសាសន៍ថា ការបង្កើនពាណិជ្ជកម្ម និង ទេសចរណ៍តែមួយមុខនឹងមិនគ្រប់គ្រាន់ ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិត និង ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើងអាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្ម នៃឧស្សាហកម្មធុនស្រាល ដូចជាកង់ គ្រឿងបន្លាស់អេឡិចត្រូនិច និងផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក។
គួរបញ្ជាក់ថា បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន ២,៣ ពាន់លានដុល្លារនៅកម្ពុជា។ ថវិការបស់ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២២-២០២៥ រួមមានកម្ចីសម្បទានចំនួន ១,៤៤ ពាន់លានដុល្លារ និង ជំនួយឥតសំណងចំនួន ៣៧ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាពក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕