ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៦ មេសានេះ បានចេញនូវការអំពាវនាវដល់គ្រប់អង្គភាពក្រោមឱវាទក្រសួងអប់រំទាំងអស់ត្រូវគោរព និង អនុវត្តវិធានសុវត្ថិភាពសុខភាពរបស់ក្រសួង ដោយត្រូវជៀសវាងនាំ«ស្រា និងបៀ»ចូលសាលា។ការអំពាវនាវរបស់ក្រសួងអបរំយ៉ាងដូច្នេះ ធ្វើឡើងខណៈតាមសាលារៀនមួយចំនួនធំបានរៀបចំរាំសប្បាយរីករាយ ដើម្បីអបអរសាទរ ចូលឆ្នាំថ្មីមកដល់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ និង រាល់ដំណើរការនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តអនុវត្តវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានសុខាភិបាលរបស់ក្រសួងសុខាភិបាលមានជាធរមាន។
លោកបានសង្កត់ធ្ងន់ថា ក្នុងករណីសាលារៀន ឬគ្រប់អង្គភាពក្រោមឱវាទក្រសួងអប់រំណាមួយអនុវត្តប្រាសចាកពីការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជាមានការនាំចូលស្រា ឬបៀចូលសាលារៀនជាការទទួលខុសត្រូវផ្ទាល់ដោយអង្គភាពសាមុី។
សូមជម្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួននឹងមានការរៀបចំកន្លែងកម្សាន្ត និងសង្រាន្ត ដើម្បីត្រៀមទទួលទេព្តាឆ្នាំថ្មី៕