Yearendyearend1140x150

ព្រលានយន្តហោះអន្តរជាតិ«តារាសាគរ»ពន្យារពេលបើកដំណើរការសាកល្បង៦ខែទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុងនាពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុកផេក៖ សម្រស់ ខេត្តកោះកុង)

ភ្នំពេញ៖ សំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២១ ហើយត្រៀមដាក់ឱ្យដំណើរការសាកល្បងនៅដើមឆ្នាំ២០២២ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យការរៀបចំខ្លួនដើម្បីបើកដំណើរការសាកល្បងនេះត្រូវពន្យារពេល៦ខែទៀត។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ( SINN CHANSEREY VUTHA) អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ 

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា (SINN CHANSEREY VUTHA) បាន ប្រាប់ស៊ីស៊ីថាមស៍ថា បើតាមកម្មវិធីចាស់ការសាងសង់ត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២១ ហើយដើមឆ្នាំ២០២២នឹងត្រូវបើកឱ្យសាកល្បង ប៉ុន្តែដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ក្រុមហ៊ុនក៏បានពន្យារកម្មវិធីនេះចំនួន៦ខែទៀត គឺនៅក្នុងខែ៧ ទើបអាចបើកដំណើរការសាកល្បងបាន។

ឯកឧត្តមបន្ថថា មុននឹងឈានដល់ការបើកសាកល្បង ក្រុមហ៊ុនដែលវិនិយោគលើព្រលានយន្តហោះនេះនឹងត្រូវបំពេញលក្ខខណ្ឌ និងបែបបទការងារមួយចំនួនធំ ពាក់ព័ន្ធនឹងការរៀបចំប្រតិបត្តិការអាកាសយានដ្ឋាននេះ ចាប់ពីដើមឆ្នាំ២០២២នេះ រហូតដល់ខែកក្កដាឆ្នាំ២០២២។ 

ជាមួយគ្នានេះ នៅក្នុងខែមេសានេះក្រុមហ៊ុននឹងមានការរៀបចំធ្វើតេស្តឧបករណ៍សុវត្ថិភាព មួយចំនួន ( flight test and flight calibration) ដើម្បីធានាថាឧបករណ៍នានាដែលបំពាក់នៅក្នុងអាកាសយានដ្ឋានធ្វើការជាមួយយន្តហោះ ស្របទៅតាមលក្ខខណ្ឌតម្រូវការស្តង់ដារអន្តរជាតិ។ នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា។ 

ឯកឧត្តមថ្លែងបន្តថា “អាកាសយាន្តដ្ឋាននេះ គ្រោងដាក់ឱ្យដំណើរការ នៅដើមឆ្នាំ២០២២នេះ ក៏ប៉ុន្តែដោយ សារមានផលប៉ះពាល់ពីកូវីដ១៩ ដែលមានទំហំមិនអាចប៉ានស្មានបាននោះ បានធ្វើឲ្យមានការពន្យាពេលរហូតមកដល់ពេលនេះ តែបើគ្មានអ្វីប្រែប្រួលទេនោះ ក្រុមហ៊ុនអាចនឹងបញ្ចប់ការងារអ្វីៗទាំងអស់ ទៅតាមផែនការដែលបានធ្វើបច្ចុប្បន្នកម្មរួច ហើយនៅក្នុងពាក់ កណ្តាលឆ្នាំនេះ គឺយើងអាចដាក់ដំណើរការអាកាសយាន្តដ្ឋានមួយនេះបាន។ 

គួរបញ្ជាក់ថា ព្រលានយន្តហោះតារាសាគរ គឺត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន Tienjing Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាជាង៤០,០០០ហិកតា ដែលគ្របដណ្ដប់ស្រុកតារាសាគរ បុទុមសាគរ និងស្រុកថ្មបាំង ក្នុងខេត្តកោះកុង។ 

ក្រុមហ៊ុន UNION Developmentបានបោះទុនវិនិយោគសរុបចំនួន ២០០លានដុល្លារ ( ដំណាក់កាល១ ) សម្រាប់ការសាងសង់ព្រលានយន្ត ហោះនេះ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ ហើយក្រោយការសាងសង់រួច អាកាសយាន ដ្ឋានអន្តរជាតិតារាសាគរ ដែលមាន ប្រភេទ ៤E នេះ នឹងអនុញ្ញាតឲ្យយន្តហោះធុនមធ្យម-ធំ ( long-whole) ដូចជាប្រភេទ ប៊ូអុីង ៧៧៧ និងអ៊ែរបើស ៣៤០/៣៥០ ចុះចតបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង