Cct850x100 1
1800px x h300px kh

រដ្ឋាភិបាលដកប្រាក់សន្សំរបស់ជាតិ ដើម្បីស្ថាបនាផ្លូវនៅខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខេត្តព្រះសីហនុ

ភ្នំពេញ៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីឡើងវិញ លើផ្លូវសរុប ៣៤ ខ្សែ ប្រវែងជាង ៨៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ កំពុងដំណើរការក្នុងទំហំទឹកប្រាក់សរុបជាង ២០០លានដុល្លារអាមេរិក។ថវិកាទាំងអស់នេះ គឺជាថវិកាដែលបានមកពីប្រាក់សន្សំរបស់ជាតិ។នេះបើតាមការអះអាងរបស់លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។

លោកសាយ សំអាល់ បានថ្លែងថា ខេត្តព្រះសីហនុពិតជាមានភព្វសំណាងក្រៃលែង ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាពិសេស ដោយបានសម្រេចដកប្រាក់សន្សំជាតិ ដើម្បីធ្វើការស្ថាបនាផ្លូវក្រុងចំនួន ៣៤ ខ្សែ ដែលជាគម្រោងស្ថាបនាផ្លូវទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅកម្ពុជា។

លោក សាយ សំអាល់ ថ្លែងយ៉ាងដូច្នេះថា ៖ «ខេត្តព្រះសីហនុយើងនេះពិតជាមានភព្វសំណាងក្រៃលែង ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាពិសេស ដោយបានសម្រេចដកប្រាក់សន្សំជាតិ ដើម្បីធ្វើការស្ថាបនាផ្លូវក្រុងចំនួន ៣៤ ខ្សែ ដែលជាគម្រោងស្ថាបនាផ្លូវទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងជាការវិនិយោគដ៏ត្រឹមត្រូវសម្រាប់អនាគតខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលក្នុងចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។

ការថ្លែងរបស់លោកសាយ សំអាល់ យ៉ាងដូច្នេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២០។

គួរបញ្ជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផ្លូវក្នុងខេត្តព្រះសីហនុ បានរងការខូចខាតទាំងស្រុង។ការខូចខាតនេះ គឺដោយសារខេត្តជាប់មាត់សមុទ្យមួយនេះ មានកំណើននៃការអភិវឌ្ឍយ៉ាងគំហុករបស់ជនជាតិចិន។ ក្រៅពីបញ្ហាផ្លូវថ្នល់ ខេត្តជាប់មាត់សមុទ្រមួយនេះក៏កំពុងជួបបញ្ហាជាច្រើនទៀតផងដែរ បញ្ហាសំរាម ប្រព័ន្ធលូរំដោះទឹក អាងចម្រោះទឹកស្អាត និងបញ្ហាសន្តិសុខជាដើមផងដែរ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា ក៏បានខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅក្នុងខេត្ត បានយ៉ាងល្អប្រសើរ ដោយក្នុងនោះបានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ដើម្បីស្វែងយល់ពីតម្រូវការ និងដោះស្រាយសំណូមពរបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ទៅតាមលទ្ធភាពនិងលំដាប់អាទិភាព ដូចជាបញ្ហាសំរាមលូទឹកកខ្វក់ ទឹកស្អាត អគ្គិសនី ទំនាស់ដីធ្លី បញ្ហាសន្តិសុខ និងបានកាយប្រឡាយរំដោះទឹកជំនន់ ជាដើម៕



ពាក្យទាក់ទង: ខេត្តព្រះសីហនុ
Khcct banner

អត្ថបទទាក់ទង