Cct850x100 1

គម្រោងផ្លូវក្រុង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ សម្រចចាក់បេតុងបានជិត១០០%

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ព្រះសីហនុ៖ គម្រោងស្ថាបនាហេដ្ឋារចនាសម័្ពន្ធផ្លូវក្រុងចំនួន៣៤ខ្សែ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងខេត្តព្រះសីហនុ មកទល់ថ្ងៃនេះគឺសម្រេចចាក់បេតុងបានជិត១០០%ហើយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់កណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងថ្ងៃ ១៧ កក្កដា ឆ្នាំ២០២០។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងទំនើបចំនួន៣៤ ខ្សែ ប្រវែង៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ មកទល់ថ្ងៃនេះបានសម្រេចការចាក់បេតុងចំនួន៩៩,៩២% ដាក់លូបាន១០០% រៀបខឿនថ្មក្រានីតបាន៥៩,៩៩% រៀបកម្រាលថ្មក្រានីតបាន៤,៤៨% ដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន២៣,៨៩% និងបំពាក់អំពូលភ្លើងបច្ចេកវិទ្យាវៃឆ្លាតបាន១០,៤៥% នៃបង្គោលភ្លើងដែលបានដាំរួច។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា គម្រោងបាននឹងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ និងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ទីតាំង ដែលទីមួយនៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ ៥ ២០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន២០% និង ទីតាំងទី២ នៅក្បែរសណ្ឋាគារសុខា អាចច្រោះបាន ៧ ២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រាច់ការសាងសង់បាន១០%ហើយ។

ទន្ទឹមនឹងនេះ គម្រោងនឹងធ្វើការអ៊ុតកម្រាលកៅស៊ូ រៀបចំគំនូសសញ្ញា និងភ្លើងចរាចរណ៍ បំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ ព្រមទាំងសាងសង់ចំណតរថយន្ត និងបន្ទប់ទឹកសាធារណៈនៅតាមបណ្ដោយឆ្នេរសមុទ្រផងដែរ។

សូមបញ្ជាក់ដែរ ថាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ ជាគម្រោងរបស់រដ្ឋាភិបាល ដែលអនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្របនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយទៅជាតំបន់ប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពតាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ ភស្តុភារកម្មជាតិ និងឧស្សាហកម្មបច្ចេកវិទ្យាទំនើប៕


Khcct banner

អត្ថបទទាក់ទង