Yearendyearend1140x150

ជនជាតិចិនមួយចំនួនសំងំធ្វើការរកស៊ីនៅក្នុងខេត្តព្រះសីហនុ ខណៈចំនួនថ្មីមិនកើនឡើង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព ប្រភព៖ Kyodo 

ភ្នំពេញ៖ ក្នុងវិបត្តិកូវីដ១៩នេះ ជនជាតិចិនមួយចំនួនបានសំងំធ្វើការ និងរកស៊ីក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ខណៈដែលចំនួនជនជាតិចិនចូលមកខេត្តជាប់មាត់សមុទ្រមួយនេះ មិនមានការកើនឡើង។

លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ រយៈពេលមួយឆ្នាំចុងក្រោយនេះ ពោលក្នុងសម័យកាលកូវីដ១៩ ជនជាតិចិនចេញចូលក្នុងប្រទេសកម្ពុជា គឺមានតុល្យភាពប្រហាក់ប្រហែលគ្នា ជាពិសេសក្នុងខេត្តព្រះសីហនុផ្ទាល់តែម្ដង។លោកថាបញ្ហានេះ គឺដោយសារតែមូលហេតុបញ្ហាកូវីដ១៩ និង ការធ្វើចត្តាឡីស័កទៅលើជនជាតិចិនដែលជាចំណូលថ្មីមានការតឹងរឹង។

ទាក់ទងនឹងការប្រកបរបររកស៊ីរបស់ជនជាតិចិន ដែលរស់នៅលើទឹកដីខេត្តព្រះសីហនុលោក ជួន ណារិន្ទ បានអះអាងថា មានស្ថានភាពធម្មតាមិនដូចកាលពីកំឡុងឆ្នាំ២០១៧ និង ២០១៨ នោះទេ ដោយអ្នករកស៊ីជនជាតិចិនមួយចំនួនធំជាអ្នកបើកសណ្ឋាគារ កាស៊ីណូ និង រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនក្នុងខេត្ត។

បើតាមលោក ជួន ណារិន្ទ បច្ចុប្បន្នខេត្តព្រះសីហនុមិនទាន់ទទួលបានទិន្នន័យសរុបពីចំនួនជនជាតិចិន ធ្វើការរកស៊ីនៅក្នុងខេត្តនៅឡើយទេ ដោយបច្ចុប្បន្នអាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវប្រមូលទិន្នន័យ ដើម្បីកំណត់តួលេខថ្មីសម្រាប់ជនជាតិចិន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងចិន បានឈានដល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បាននាំឱ្យភ្ញៀវទេសចរណ៍ កម្មករ និងអ្នកជំនួញចិនសម្រុកមកប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើនដែលមិនធ្លាប់មានពីមុន។

យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ កាលពីឆ្នាំ២០១៩ មានជនជាតិចិនចំនួន ២៥០ ០០០ នាក់កំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានប្រហែល ១០០ ០០០ នាក់នៅក្នុងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។

ក្រោយបិទហ្គាមអនឡាញ ជនជាតិចិន បានសម្រុកចាកចេញពីខេត្តព្រះសីហនុជាបណ្តើរៗនៅដើមខែកញ្ញា ឆ្នាំ២០១៩ ។ តែទោះយ៉ាងណាមកទល់ពេលនេះ ការចេញចូលរបស់ជនជាតិចិន នៅតែមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ពោលគឺមានតុល្យភាពប្រហាក់ប្រហែលគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង