Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

ខេត្តព្រះសីហនុនឹងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នាំ២០១៥-២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កំពង់ផែក្រុងព្រះសីហនុ។
រូបភាព៖ ក្រសួងបរិស្ថាន​

ព្រះសីហនុ៖ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។

បើតាមឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះមានអត្រាកំណើនសេដ្ឋកិច្ច ៦,៨% និងចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់(GDP) នៅឆ្នាំ២០២០ មានចំនួន ៤.៣៧៨ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម២,៦៨% នៅដើមឆ្នាំ២០២១។

ឯកឧត្តមបន្ថែមថា ជាមួយនឹងសក្តានុពល និងសោភណភាពនៃឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុបានចូលជាសមាជិកក្លិបឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតបំផុតលើសកលលោក ក្នុងចំណោមខេត្តតំបន់ឆ្នេរចំនួនបីទៀតក្នុងប្រទេសកម្ពុជា មានខេត្តកែប ខេត្តកំពត និងខេត្តកោះកុង។

ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សារៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុ បានអនុវត្តផែនការបែងចែកតំបន់ប្រើប្រាស់ដី-ទឹកតំបន់ឆ្នេរ និងសមុទ្រដើម្បីធានាដល់ការកាត់បន្ថយជំលោះ និងការប្រើប្រាស់ធនធានសមុទ្រឱ្យមានតុល្យភាព។

ដោយឡែក ក៏មានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ការស្តារអូប្រឡាយ ការកែលម្អឆ្នេរសមុទ្រ រៀបចំខ្ពសលក់ដូរ បន្ទប់ទឹកសាធារណៈ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដូចជា កំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក ដើម្បីជំរុញនិងប្រែក្លាយក្រុងព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្មធុរកិច្ច ឧស្សាហកម្ម និងទេសចរណ៍ ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ។

សូមជម្រាបជូនថា ជាខេត្តព្រះសីហនុ ជាខេត្តដែលសំបូរទៅដោយធនធានធម្មជាតិ ដ៏សម្បូរបែប គ្របដណ្តប់លើ ផ្ទៃដីសរុប ២.៦៥៩ គីឡូម៉ែត្រក្រឡាដែល២/៣ ជាដីព្រៃភ្នំ និងខ្ពង់រាប។ ខេត្តព្រះសីហនុ មានវិស័យដែលមានសក្តានុពល រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរួមមាន វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម និងមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេក្នុងប្រទេសកម្ពុជា។


Khcct banner

អត្ថបទទាក់ទង