ភ្នំពេញ៖ ក្រសួងទេសចរណ៍បានបន្តកិច្ចសហការជាមួយសាលាប៉ូលឌុយប៊្រូល និងអង្គការបណ្តុះបណ្តាលនិងវឌ្ឍនភាពកម្ពុជា ដើម្បីបង្កើនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជន ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលផ្ដល់ឱកាសការងារក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបឱ្យបាន៩០ម៉ឺននាក់ រហូតដល់ឆ្នាំ២០៣០។
យោងតាមក្រសួងទេសចរណ៍ លោកស្រី Eleonore Mueth-Dubrule អនុប្រធានក្រុមប្រឹក្សាភិបាលសាលា និងជាអនុប្រធានគណៈកម្មការយុទ្ធសាស្រ្តអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា បានលើកឡើងថា ស្របពេលដែលកម្ពុជាបើកទទួលទេសចរឡើងវិញ ក៏ដូចជាការបើកសកម្មភាពសេដ្ឋកិច្ច-សង្គមឡើងវិញនៅទូទាំងប្រទេសនោះ អង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជាស្នើសុំក្រសួងទេសចរណ៍បន្តកិច្ចសហប្រតិបត្តិការបន្តទៅមុខទៀតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌជាតិ។
ឆ្លើយតបនឹងសំណើនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នឹងបន្តកិច្ចសហប្រតិបត្តិការនេះបន្តទៀតក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីធ្វើយ៉ាងណាត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាបឡើងវិញឱ្យបានល្អប្រសើរប្រកបដោយគុណភាព។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្ដមបានស្នើឱ្យសាលាបណ្ដុះបណ្ដាលបន្ថែមទៅដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនៅខេត្តសៀមរាប ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលតាមរយៈផែនការមេនេះ កម្ពុជាមានចក្ខុវិស័យថា នៅឆ្នាំ២០៣០ ខេត្តសៀមរាបនឹងផ្ដល់ឱកាសការងារដល់យុវជនឱ្យបាន៩០ម៉ឺននាក់ ដូច្នេះដើម្បីសម្រេចតាមផែនការនេះគឺត្រូវមានការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យអ្នកដែលបញ្ចប់ការបណ្ដុះបណ្ដាលហើយចេញទៅធ្វើការមានគុណភាព មានជំនាញត្រឹមត្រូវ។
គួរបញ្ជាក់ថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប៊្រូល ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ជាសាលាដៃគូមួយដ៏សំខាន់ចម្បងរបស់ក្រសួងទេសចរណ៍ ដែលទទួលអនុវត្តនូវស្ដង់ដាកម្មវិធីរបស់អាស៊ានដែលបច្ចុប្បន្នមាន៣២ជំនាញ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកដែលទទួលការបណ្ដុះបណ្ដាលពីសាលានេអាចធ្វើចល័តភាពការងារនៅក្នុងតំបន់អាស៊ានទៅតាមច្បាប់នៃប្រទេសទទួល ដូច្នេះសាលាប៉ូលឌុយប៊្រូលគឺជាដៃគូដ៏សំខាន់របស់អាស៊ានផងដែរ៕