
បាត់ដំបង៖ ក្រោយពីធ្វើការសិក្សាលទ្ធភាពស្ដារឡើងវិញនូវអាកាសយានដ្ឋានបាត់ដំបងដែលត្រូវបានទុកចោលជាច្រើនឆ្នាំមករួចមក អាកាសយានដ្ឋានបាត់ដំបងនឹងអភិវឌ្ឍន៍ទៅជាអាកាសយានដ្ឋានប្រភេទ4C ហើយជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ។ នេះបើតាមប្រសាសន៍ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ ឯកឧត្តម សយ សុខាន់ បានលើកឡើងថា ចំពោះការស្ដារឡើងវិញនូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ4C តែម្ដង ដោយផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួលដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទAirbus ឬBoeing អាចបើកជើងយន្តហោះមកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ។
ឯកឧត្តមបានបន្តថា ក្រោយពីធ្វើការសិក្សារួចមក គឺមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ដោយត្រូវដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅក្នុងអាកាសយានដ្ឋាន ការពង្រីកផ្លូវRunwayបន្ថែមទៀត និងត្រូវធ្វើការជួសជុលជាច្រើនទៀត ដោយសារត្រូវបានទុកចោលរាប់ឆ្នាំមកហើយ។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានគាំទ្រដល់ការអភិវឌ្ឍន៍អាកាសយានដ្ឋាននេះទៅជាប្រភេទ4C ដើម្បីធ្វើឲ្យទាក់ទាញភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់មកខេត្តបាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ក្រោយពេលដែលអាកាសយានដ្ឋានប្រភេទ4C ចេញជារូបរាង ជាសមិទ្ធផលកើតចេញមក។
ឯកឧត្តមបានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តនឹងធ្វើការចូលរួមសហការជានិច្ច ដោះស្រាយបញ្ហានានាដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាននៅខេត្តបាត់ដំបង ដើម្បីឲ្យអាកាសយានដ្ឋាននេះលេចរូបរាងឡើងនៅក្នុងទឹកដីកសិកម្មមួយនេះ៕
