Cctimesw1140xh150cm copy

គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ ចាប់ផ្តើមនូវកិច្ចប្រជុំបច្ចេកទេសលើកទី៣៥

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ កិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នាសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប ក្រោយខកខានរយៈពេល២ឆ្នាំដោយសារបញ្ហាកូវីដ១៩ ។

លោក Christophe GIGAUDAUT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ ស្ថានទូតបារាំងប្រចាំកម្ពុជា បានថ្លែងថា ទោះបីជាបញ្ហាកូវីដ១៩ កើតឡើងជាសាកលយ៉ាងណាក្ដី ក៏ស្មារតីនៃការខិតខំប្រឹងប្រែងលើការងារអភិរក្សប្រាសាទមិនបានស្រាកស្រាន្តទេ ផ្ទុយទៅវិញការងារអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរបានសម្រេចលទ្ធផលជាច្រើននិងប្រកបដោយមោទកភាព។

លោក Sardar Umar ALAM តំណាងអង្គការយូណេស្គូប្រចាំកម្ពុជានិយាយថា ទោះបីមានការប្រឈមខ្លាំងមកលើកិច្ចការជួសជុល អភិរក្សនៅតាមរមណីយដ្ឋានបេតិកភណ្ឌពិភពលោកជាច្រើន តែនៅរមណីយដ្ឋានអង្គរកិច្ចការទាំងនេះនៅតែបន្តទៅមុខ។ បន្ថែមលើនេះ លោកមានប្រសាសន៍សង្កត់ធ្ងន់ថា សម្បត្តិបេតិកភណ្ឌវប្បធម៌មានដើរតួរនាទីស្នូលសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច។

លោក Azedine BESCHAOUCH លេខាធិការវិទ្យាសាស្រ្ដអាយស៊ីស៊ី-អង្គរ មានប្រសាសន៍ថា នេះជាឆ្នាំថ្មីនៃការចាប់ផ្តើមការងារតាមការដ្ឋានឡើងវិញរបស់ក្រុមអ្នកជំនាញការអាដហុក ក្រោយខកខាន២ឆ្នាំមកនេះ។ លោកបន្តថា សកម្មភាពនេះ គឺបង្ហាញពីការតភ្ជាប់ឡើងវិញនូវប្រពៃណីការងារដែលអ្នកជំនាញការធ្លាប់បានធ្វើ ដែលចុះត្រួតពិនិត្យការងារតាមការដ្ឋាននានា មុនកិច្ចប្រជុំផ្លូវការចូលមកដល់។

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ រៀបចំកិច្ចប្រជុំចំនួន២ ដែលទី១នៅថ្ងៃទី២៤ ខែមីនា ជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងនៅថ្ងៃទី២៥ កិច្ចប្រជុំពេញអង្គលើកទី២៨៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង