Cctimesw1140xh150cm copy

«ទិវាមួយម៉ោងសម្រាប់ភពផែនដី»គឺជាឱកាសបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ «អនាគតដែលយើងប្រាថ្នា» ជាប្រធានបទនៃទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ ដែលជម្រុញឲ្យមានការប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀតសម្រាប់និរន្តរភាពនៃភពផែនដី។ ទិវាមួយម៉ោងសម្រាប់ភពផែនដី គឺជាយុទ្ធនាការបរិស្ថានដ៏ធំមួយនៅលើពិភពលោកដែលបានចាប់បដិសន្ធិឡើងដោយការរួមកំលាំងពីប្រជាជនជុំវិញសកលលោក។ 

ក្នុងឆ្នាំនេះ ការចូលរួមមានសន្ទុះកាន់តែខ្លាំងឡើងពីសំណាក់ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា សហគមន៍ ក្រុមយុវជន គ្រឹះស្ថានសាធារណៈ និងឯកជន អង្គការអន្តរជាតិ ស្ថាប័នព័ត៌មាន និងប្រជាពលរដ្ឋកម្ពុជានៅទូទៅប្រទេស ដើម្បីសំដែងសកម្មភាពនិងឆន្ទៈក្នុងការរួមចំណែកកសាងអនាគតមួយប្រកបដោយសុខុមាលភាព និងសុខភាពល្អប្រសើរសម្រាប់គ្រប់ៗគ្នា។

ខណៈដែលយើងទាំងអស់គ្នាកំពុងសម្របខ្លួនតាមការរស់នៅក្នុងគន្លងថ្មីជាមួយវត្តមាននៃជំងឺកូវីដ១៩ ទិវាមួយម៉ោងសម្រាប់ភពផែនដីអំពាវនាវឲ្យមានការផ្តោតការយកចិត្តទុកដាក់លើការបង្កើតដំណោះស្រាយដែលគាំទ្រដល់ការការពារធម្មជាតិ ដើម្បីស្តារនិងកសាងសង្គមជាតិឲ្យប្រសើរឡើងក្រោយវិបត្តិនៃជំងឺឆ្លងកូវីដ១៩ ក៏ដូចជារំលឹកដល់តួនាទីយ៉ាងសំខាន់នៃធនធានធម្មជាតិដែលបានទ្រទ្រង់ជីវិត និងការរស់នៅរបស់យើងគ្រប់គ្នា គិតចាប់តាំងពីការផ្គត់ផ្គង់អាហារ និងទឹកសម្រាប់បរិភោគ ខ្យល់បរិសុទ្ធសម្រាប់យើងដកដង្ហើម រហូតដល់ទ្រទ្រង់ដល់ការអភិវឌ្ឍការចិញ្ចឹមជីវិតរបស់ប្រជាជននៅកម្ពុជា និងនៅលើសកលលោកទាំងមូល។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាឱកាសល្អមួយសម្រាប់យើងទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថានក៏ដូចជាប្រាប់ដល់អ្នកដទៃទៀតឱ្យបានយល់ពីសារៈសំខាន់នៃធនធានធម្មជាតិចំពោះជីវិតនៅលើភពផែនដី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាច្រើនដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នជាពិសេសការប្រែប្រួលអាកាធាតុ ការខូចខាតប្រព័ន្ធអេកូឡូស៊ីដែលជាកត្តាគំរាមកំហែងសកលដល់មនុស្ស និងធម្មជាតិ។ ទិវានេះផ្តល់ឱកាសសម្រាប់យើងចូលរួមអបអរ ក៏ប៉ុន្តែវាក៏ជាពេលដែលយើងត្រូវបង្ហាញឆន្ទៈដ៏មោះមុតចំពោះការការពារបរិស្ថាន និងធនធានធម្មជាតិជាតិផងដែរ ហើយការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះមិនមែនធ្វើត្រឹមរយៈពេល ១ ម៉ោងនៃការប្រារព្ធទិវានេះទេ គឺយើងត្រូវធ្វើជាប្រចាំ»។

សិល្បៈករ និងសល្បៈការនីដែលពោរពេញដោយប្រជាប្រិយភាពដូចជា កញ្ញា មាស សុខសោភា កញ្ញា Adda កញ្ញា នាង សុវឌ្ឍនា ដែលត្រូវបានគេស្គាល់ថាឌីជេ ណាណា និងលោក សាយ សុទ្ធបាន និងកំពុងចូលរួមក្នុងចលនានៃទិវានេះដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃធម្មជាតិសម្រាប់សុខភាព និងសុខុមាលភាពរបស់មនុស្ស បរិស្ថាន ក៏ដូចជាចូលរួមឃោសនាបន្ថែមទៀតក្នុងចំណោមមហាជនទូទៅ ក៏ជាអ្នកគាំទ្រខ្លួនពីភាពចាំបាច់ក្នុងការរៀបចំនូវអនាគតដ៏ល្អប្រសើរមួយសម្រាប់មនុស្ស និងធម្មជាតិ។

លោក សេង ទៀក នាយកអង្គការWWF បានមានប្រសាសន៍ថា «ធនធានធម្មជាតិព្រមទាំងប្រព័ន្ធអេកូឡូស៊ីផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ខណៈវាក៏ជាធាតុដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពផងដែរ។ ការថែរក្សាការពារធនធានធម្មជាតិ និងភពផែនដីដែលជាផ្ទះរួមរបស់យើង គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ រួមគ្នាយើងអាចកសាងអនាគតមួយដែលមនុស្ស និងធម្មជាតិអាចរស់នៅបានដោយសុខដុមរមនាជាមួយគ្នា។»

ការបិទភ្លើងមួយម៉ោងនាម៉ោង៨:៣០នាទីយប់ នៅថ្ងៃសៅរ៍ចុងក្រោយនៃខែមីនា បានក្លាយជាសកម្មភាពនិមិត្តរូបសកលមួយចាប់តាំងពីព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះបានចាប់កំណើតឡើងក្នុងឆ្នាំ២០០៧ នៅទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលីមកម្ល៉េះ ដែលពេលនោះទិវានេះត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ភ្លើងអគ្គិសនីទៅលើបរិស្ថាន។ តាមរយៈការបិទភ្លើងមួយម៉ោងនេះ ប្រជាជននៅលើពិភពលោកបង្ហាញឆន្ទៈ និងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងជាសកល ជម្រុញការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានក្នុងការប្រើប្រាស់ថាមពលអគ្គីសនី ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីការឡើងកំដៅផែនដី។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង