
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (រូបភាព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
ភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា បានរៀបចំពិធីផ្សព្វផ្សាយ និង ដាក់ឱ្យអនុវត្តជាផ្លូវការនូវ«យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា ២០២២-២០២៧» នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ដោយសារផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានពិនិត្យឃើញពីសារៈសំខាន់និងភាពចាំបាច់ក្នុងការរៀបចំ និងដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» សំដៅកំណត់នូវចក្ខុវិស័យរួម គោលបំណង គោលដៅនិងវិធានការជាយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹងនិងគ្រប់គ្រងការអភិវឌ្ឍវិស័យនេះឱ្យស្របតាមបរិការណ៍កម្ពុជា ដែលស្ថិតក្នុងស្ថានភាពទ្វេទិស មានទាំងបញ្ហាប្រឈមនិងកាលានុវត្តភាពព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់និងពិភពលោក។
ក្នុងន័យនេះ តាមរយៈការអនុវត្តយុទ្ធសាស្រ្តនេះ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើងនិងកាបូបនៅកម្ពុជា ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ចនៅមុនដំណាច់ឆ្នាំ ២០២៧។ នេះបើតាមសេចក្តីប្រកាស។
ជាចុងក្រោយ រាជរដ្ឋាភិបាលជឿជាក់ថា ការអនុវត្តយុទ្ធសាស្រ្តនេះនឹងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ និងផ្តល់លទ្ធភាពឱ្យកម្ពុជាអាចចាប់យកកាលានុវត្តភាព ដើម្បីជំរុញការអភិវឌ្ឍនៃវិស័យកាត់ដេរ ក៏ដូចជា កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ជាមួយគ្នានេះ យុទ្ធសាស្រ្តនេះក៏នឹងចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ការឆ្លើយតបទៅនឹងការរំពឹងទុក និងតម្រូវការរបស់ប្រជាជន និងការកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវបង្គោលចរឆ្នាំ ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕