Cctimesw1140xh150cm copy

ពេទ្យស្ម័គ្រចិត្តឌឿន វិសាល៖ “ក្នុងតួនាទីជា«ពេទ្យ»មិនរុញរានៅពេលជាតិត្រូវការ”

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក ឌឿន វិសាល ជាគ្រូពេទ្យស្ម័គ្រម្នាក់ក្នុងចំណោមជាង៣០០នាក់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩។

ភ្នំពេញ៖លោក ឌឿន វិសាល ជាគ្រូពេទ្យស្ម័គ្រម្នាក់ក្នុងចំណោមជាង៣០០នាក់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩។ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ គ្រូពេទ្យស្ម័គ្រចិត្តរូបនេះបានថ្លែងថា ក្នុងនាមជាគ្រូពេទ្យមានតួនាទីជួយសង្រ្គោះមនុស្សមិនត្រូវរុញរានៅ ស្របពេលដែលប្រទេសជាតិកំពុងត្រូវការជំនួយនោះឡើយ។

ក្នុងបទពិសោធន៍ការងារ រយៈពេល ៧ ឆ្នាំ ក្នុងនាមជាគ្រូពេទ្យផ្នែកថែទាំវេជ្ជសាស្រ្ត លោក ឌឿន វិសាល បានឲ្យដឹងថា មូលហេតុដែលសម្រេចចិត្តចូលទៅប្រយុទ្ធប្រឆាំងកូវីដ១៩ ជាមួយក្រុមគ្រូពេទ្យរដ្ឋាភិបាល គឺដោយសារស្រុកទេសត្រូវការជំនួយ បើគ្រប់ពេទ្យសុទ្ធតែគិតថាទាល់តែពេទ្យរដ្ឋបានចាំបាច់ទៅ ហើយពេទ្យឯកជនក្រៅក្របខណ្ឌរដ្ឋមិនបាច់ទៅក៏បាន អានឹងមិនសាកសមឡើយ។

លោកគ្រូពេទ្យរូបនេះ បានបន្ថែមទៀតថា មូលហេតុចំបងនោះគឺ ដើម្បីជួយប្រទេសជាតិ ជួយប្រជាជន ស្របពេលដែលប្រទេសជាតិកំពុងត្រូវការជំនួយ។ ម្យ៉ាងការស្ម័គ្រចិត្តនេះ ក៏ជាការជំរុញ និងលើកទឹកចិត្តដល់ពេទ្យឯកជនឯទៀត ឲ្យមានការតាំងចិត្តចូលរួមដូចរូបលោកដែរ។ មិនតែប៉ុណ្ណោះ ក៏ដើម្បីជាកម្លាំងចិត្តដល់ពេទ្យេរដ្ឋទាំងឡាយឲ្យកាន់តែមានការជឿជាក់ និងជួយសម្រាលបន្ទុក និងទម្ងន់ការងាររបស់ពួកគាត់ផងដែរ។

បើតាម វិសាល បានសង្កេតឃើញថា នៅក្នុងស្រុកខ្មែរតែមួយ បើមិនចេះជួយគ្នាទេ គឺវាមិនអាចធ្វើឲ្យស្ថានភាពប្រសើរឡើងឡើយ បើគ្មានការចូលរួមស្ម័គ្រចិត្តពីលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់។

លោក និយាយថា៖«ទោះបីជាពលីជីវិតពេលនេះ ក៏ជាការល្អដែរ ព្រោះលោកបានខ្ញុំបានបម្រើជាប្រយោជន៍ធំសម្រាប់ជាតិ ទោះលទ្ធផលយ៉ាងណាក៏មិនស្ដាយក្រោយដែរ ដោយប្រើសមត្ថភាពទាំងប៉ុន្មានដែលខ្ញុំមាន ព្រោះអីមនុស្សជាច្រើនគេពឹងលើយើង ក្រសួងសុខាភិបាលក៏ពឹងលើយើងដែរ ដូច្នេះខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត»។

គ្រូពេទ្យរូបនេះ បន្តថា ការលះបង់មួយនេះគឺមានកិត្តិយសមែនទែន ទាំងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ព្រោះមានពេទ្យស្ម័គ្រចិត្តចូលសមរភូមិ ប្រយុទ្ធជាមួយជំងឺដែលគ្រប់គ្នាមិនដែលស្គាល់មុខមាត់សត្រូវ(ជំងឺកូវីដ១៩)។ ម្យ៉ាងទៀត ក៏ដើម្បីស្ដារមុខមាត់គ្រូពេទ្យខ្មែរដែរ ព្រោះតាមដែលសង្កេតឃើញ គឺប្រជាជនភាគច្រើនមិនសូវឲ្យតម្លៃពេទ្យខ្មែរប៉ុន្មានទេ ហើយនេះគឺជាឱកាសមួយដើម្បីចូលរួមលើកតម្កើងក្រុមគ្រូពេទ្យខ្មែរផងដែរ។

លោករំពឹងទុកថា កម្ពុជានឹងយកឈ្នះនូវជំងឺក៏កាចសហាវនេះ ១០០% ព្រោះក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ កំពុងតែដុតដៃ ដុតជើង ដោះស្រាយបញ្ហានេះយ៉ាងសកម្ម ម្យ៉ាង ដោយសារតែកម្ពុជាមិនទាន់មានអ្នកឆ្លងច្រើន ឬឆ្លងជាសហគមន៍ និងគ្មានចំនួនអ្នកស្លាប់ គឺមានតែអ្នកជាសះស្បើយ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏មានក្រុមគ្រូពេទ្យច្រើនទាំងរដ្ឋ និងឯកជន ជាពិសេសគឺមានគ្រូពេទ្យចិន ដែលមកចែករំលែកបទពិសោធន៍ក្នុងការព្យាបាល និងថែទាំងអ្នកជំងឺផងដែរ។

ក្នុងនាមជាគ្រូពេទ្យម្នាក់ លោក ក៏សំណូមពរ ទៅដល់ប្រជាជនខ្មែរទាំងអស់ត្រូវ ថែទាំងសុខភាព ឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ និងពាក់ម៉ាសពេលចេញទៅក្រៅ រួមទាំងធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ជាពិសេសគឺត្រូវមានទំនួលខុសត្រូវ បានន័យថា ពេលចេញទៅក្រៅ ត្រូវធានាថាខ្លួនមិនបាននាំយកជំងឺមកឲ្យអ្នកផ្ទះ ហើយត្រូវមានភាពស្មោះត្រង់ ប្រសិនបើមានរោគសញ្ញាណាមួយនៃជំងឺនេះ ត្រូវនៅដាច់ដោយឡែក ១៤ថ្ងៃ និងមិនត្រូវរត់គេច ឬលាក់បាំងការពិតនោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង