Cctimesw1140xh150cm copy

ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនកំពុងចរចារតម្លើងថ្លៃដឹកក្រោយសាំងកាន់តែឡើងថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការដឹកជញ្ជូននៅកំពង់ផែស្វយ័តនាពេលកន្លងទៅ

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ តម្លៃប្រេងសាំងលើទីផ្សារក្នុងតំបន់ និងអន្តរជាតិមានការប្រែប្រួល ដោយប្រេងសាំងលក់រាយនៅកម្ពុជា បានកើន៥០០រៀលក្នុង១លីត្រ ក្នុងនោះសាំងធម្មតាត្រូវលក់តម្លៃ៥,៣០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥,៣០០រៀល ក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរតម្លៃអាចក្បែរ៦០០០រៀល។ កត្តានេះបានធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនមួយចំនួននៅក្នុងរាជធានីភ្នំពេញកំពុងចរចារជាមួយដៃគូក៏ដូចជាអ្នកប្រើប្រាស់ដើម្បីសុំឡើងថ្លៃដឹក។

លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ចាត់តាំងពីមានការរីករាលដាលជំងឺកូវីដ-១៩ វិស័យដឹកជញ្ជូននៅកម្ពុជាក៏ដូចជាដៃគូពាណិជ្ជកម្មកម្ពុជានៅជុំវិញពិភពលោក តែងតែជួបប្រទះបញ្ហាប្រឈមមួយចំនួន ហើយបច្ចុប្បន្ននេះវិស័យដឹកជញ្ជូនកម្ពុជាក៏បានរងផលប៉ះទង្គិចបន្តិចបន្តួចបន្ថែមទៀតពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលជាផ្នែកមួយធ្វើឱ្យតម្លៃសាំងឡើងថ្លៃ កង្វះទូកុងតឺន័រ និងការឡើងថ្លៃខ្ពស់ហួសហេតុចំពោះការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងទ្វីបជាដើម។

លោកបន្តថា បើទោះបីជាមានផលប៉ះពាល់យ៉ាងណាក៏ដោយក៏វិស័យដឹកជញ្ជូននៅកម្ពុជានៅតែរក្សាដំណើរការបានដដែរ ហើយការនាំចេញរបស់កម្ពុជានាពេលបច្ចុប្បន្ននេះក៏មិនមានការកកស្ទះដែរ។ ទាក់ទងនឹងបញ្ហាតម្លៃសាំងឡើងថ្លៃគឺមិនមែនជាឧបសគ្គធំដែលអាចបង្អាក់ការដឹកជញ្ជូននៅកម្ពុជាបានទេ ប៉ុន្តែគ្រាន់តែមានការចរចារតម្លើងថ្លៃដឹករវាងក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកមួយចំនួនជាមួយអ្នកប្រើប្រាស់សេវាកម្មមួយនេះ។

លោកបន្ថែមថា តម្លៃដឹកដែលក្រុមហ៊ុនដឹកជញ្ជូនបានកំពុងតែចរចារជាមួយអតិថិជន គឺស្ថិតនៅក្នុងតម្លៃមួយដែលអាចទទួលយកបាន គឺមិនមានការឡើងថ្លៃខ្ពស់ទេ។ បើទោះជាក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកមួយចំនួនកំពុងតែចរចារឡើងថ្លៃដឹកក៏ដោយ ក៏ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនទៀតនៅមិនទាន់មានការតម្លើងថ្លៃដឹកជញ្ជូនឡើយ។ ការមិនទាន់តម្លើងថ្លៃដឹកគឺក្នុងគោលបំណងដើម្បីរក្សាការធ្វើពាណិជ្ជកម្ម និងរក្សាចលនានៃការដឹកជញ្ជូនមិនឱ្យមានការកកស្ទះជាដើម។

លោកបញ្ជាក់ថា ជារួមវិស័យដឹកជញ្ជូននៅកម្ពុជាគឺមានដំណើរការធម្មតា ហើយនៅតាមព្រំដែននីមួយៗដូចជាព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ក៏មិនមានការកកស្ទះការដឹកជញ្ជូនទំនិញដែរ ប៉ុន្តែគ្រាន់តែមានការពង្រឹងការរិតត្បិតជាងមុនក្នុងការត្រួតពិនិត្យអនាម័យ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង។

ចំពោះការដឹកជញ្ជូននៅតាមកំពង់ផែនីមួយៗរបស់កម្ពុជាដូចជា កំពង់ផែសមុទ្រ និងកំពង់ផែទឹកសាប មិនមានបញ្ហាកកស្ទះអ្វីដែរ ជារួមគឺមានដំណើរការប្រព្រឹត្តទៅធម្មតា ហើយមកទល់ពេលនេះក៏ពុំទាន់មានវិធានការណ៍បន្ថែមទៀតដែរ។ រីឯកំពុងផែនៅលើពិភពលោកដែលកម្ពុជាត្រូវនាំទៅទំនិញទៅ បើទោះបីជាមានកកស្ទះក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះហាក់បីដូចជាមានសកម្មភាពប្រសើរជាងមុនបន្តិច។ នេះជាការលើកឡើងរបស់ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។

គួរបញ្ជាក់ថា តម្លៃប្រេងសាំងលក់រាយនៅកម្ពុជា បានកើន៥០០រៀល ក្នុង ១ លីត្រ ចាប់ពីថ្ងៃទី ១៦ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវលក់តម្លៃ៥,៣០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥,៣០០រៀល ក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរតម្លៃអាចក្បែរ៦០០០រៀល ដែលបានកំពុងបង្កឱ្យអ្នកប្រើប្រាស់ ជាពិសេសអ្នកមានប្រាក់ចំណូលទាបសម្តែងការត្អូញត្អែរយ៉ាងខ្លាំង។ការកើនឡើងនេះ គឺដោយសារឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង